(ភ្នំពេញ)៖ តារាផេ (DARA Pay) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខមួយ បានទទួលអាជ្ញាប័ណ្ណថ្មីមួយក្នុងនាមជា «គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់» ពីធនាគារជាតិនៃកម្ពុជា (NBC) ហើយអាជ្ញាប័ណ្ណថ្មីនេះ បានចូលមកជំនួស អាជ្ញាប័ណ្ណដែលមានស្រាប់ក្នុងនាមជា «ប្រតិបត្តិការអ្នកដំណើរការតតិយភាគី»។
អាជ្ញាប័ណ្ណនេះ បានបង្ហាញឲ្យឃើញថា សេវាកម្មរបស់ក្រុមហ៊ុន តារាផេ ពិតជាមានភាពរឹងមាំ និងគួរឲ្យជឿទុកចិត្តយ៉ាងខ្លាំងនៅក្នុងទីផ្សារ។
ក្រោយពីបានឃើញពីទំហំ នៃតម្រូវការរបស់អតិថិជន នៅក្នុងសេវាកម្មទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល បានកើនឡើងគួរឲ្យកត់សម្គាល់ ធនាគារជាតិនៃកម្ពុជា បានចេញសារតម្រូវឲ្យគ្រប់គ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ មានអាជ្ញាប័ណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ជាកំហិត។
គោលដៅចំបងនៃអាជ្ញាប័ណ្ណមួយនេះ គឺដើម្បីគ្រប់គ្រង និងពង្រឹងសេវាកម្មមួយនេះ ឲ្យមានសុវត្ថិភាព ប្រសិទ្ធភាពនិងការពារអត្ថប្រយោជន៍របស់អតិថិជន ហើយជាពិសេស គឺការធានានូវសេវាកម្មទូទាត់សងប្រាក់ នៅក្នុងការទីផ្សារប្រកួតប្រជែងដែលស្មើភាពគ្នា។
លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានឲ្យដឹងថា «ការទទួលបានអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ពីធនាគារជាតិនៃកម្ពុជា មានន័យថាក្រុមហ៊ុន តារាផេ ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមួយដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ដែលជួយសម្រួលដល់ការបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល»។
លោកថា ជាមួយនឹងអាជ្ញាប័ណ្ណនេះ តារាផេ មានសិទ្ធិស្របច្បាប់ពេញលេញក្នុងការសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា សាលារៀន ភោជនីយដ្ឋាន ព្រមទាំងការទូទាត់វិក្កយបត្រនានា ទូទាត់ប្រាក់នៅតាមមន្ទីរពេទ្យសណ្ឋាគារ និងជួយសម្រួលដល់ការបង់ប្រាក់របស់អតិថិជនគ្រប់មធ្យោបាយផងដែរ។ ថ្ងៃនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពជោគជ័យក្នុងចក្ខុវិស័យរបស់យើង នៅក្នុងការជួយសម្រួលដល់អតិថិជន។
លោកបន្ថែមថា លើសពីនេះទៅទៀត ការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បានបង្ហាញពីសមិទ្ធផលរបស់យើង នៅក្នុងការអភិវឌ្ឍន៍ផ្តល់ដំណោះស្រាយសេវាបង់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ហើយនេះក៏អាចធានាបានដែរថា តារាផេ បានកំពុងនឹងបោះជំហានយ៉ាងត្រឹមត្រូវនៅក្នុងការជួយអតិថិជនរបស់ខ្លួន ឲ្យចំណេញពេលវេលានិងមានសុវត្ថិភាពខ្ពស់ក្នុងពេលតែមួយ។ អតិថិជនថែមទាំងអាចទទួលបានសេវាទូទាត់ប្រាក់កម្ចី និងការដកប្រាក់តាមរយៈភ្នាក់ងារ តារាផេ ដែលមានប្រមាណជាង១៤០០កន្លែង នៅទូទាំងប្រទេសកម្ពុជាទៀតផង៕