(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង លោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយតំណាងសមាជិកសហគមន៍ផលិត ស្រូវសរុបប្រមាណ២៥០រូប ស្ថិតនៅក្នុងឃុំព្រៃខ្ពស់ ស្រុកបរវិល ខេត្តបាត់ដំបង។
ថ្លែងនៅចំពោះមុខប្រជាកសិករសហគមន៍ លោក កៅ ថាច បានលើកឡើថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ លោកបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវធ្វើឲ្យជីវភាពកសិករមានជីវភាពធូរធារ។
លោកបន្តថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៦ ពេលតម្លៃស្រូវរបស់បងប្អូនប្រជាកសិករ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយកត្តាផ្សេងៗជាច្រើន ក្នុងនោះភ្លៀងធ្លាក់ច្រើន ដែលប៉ះពាល់ដល់ការច្រូតកាត់ស្រូវ មិនមានឡសំងួតស្រូវ និងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ កសិករច្រូតស្រូវជន់គ្នាច្រើន ជាហេតុធ្វើឲ្យឈ្មួញកណ្តាលបង្អាប់តម្លៃ ហើយបានប៉ះពាល់ដល់ជីវភាពរបស់ប្រជាកសិករ។ ដោយមានភាពឈ្លាវវៃរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលភ្លាមៗ បានរកដំណោះស្រាយ៖
១៖ ដោយដាក់ចេញនូវយន្តការណ៍អន្តរាគមន៍ លើការដឹកជញ្ជូនស្រូវ កសិផល ដោយមានកិច្ចស្នើសុំសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុកព្រមជាមួយការទំលាក់កញ្ចប់ឥណទានបន្ទាន់ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទំលាក់ជូនដល់បណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលមានតម្រូវការឥណទាន ក្នុងការប្រមូលទិញស្រូវក្នុងតម្លៃទីផ្សារ។
២៖ ដាក់ចេញនូវដំណោះស្រាយយូរអង្វែង ដោយបានទំលាក់នូវឥណទានពិសេស មកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្តគម្រោងផ្តល់ឥណទាន ជូនក្រុមហ៊ុនឯកជនធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវបន្ថែម លើសមត្ថភាពដែលមានស្រាប់។ ក្នុងនោះក្រុមហ៊ុន ធនាគារស្រូវនៅតំបន់ខេត្តបាត់ដំបង បានទទួលគម្រោងលើការសាងសង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួត៣០០០តោនក្នងមួយថ្ងៃ។ នៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង ក៏មានឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវដែលមានលទ្ធភាពស្តុកស្រូវបាន៥ម៉ឺនតោន និងឡសំងួតស្រូវ១៥០០តោនក្នុងមួយថ្ងៃនៅតាមតំបន់នីមួយ។ ដូចនេះបន្ថែមលើសមត្ថភាពឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវដែលមានស្រាប់ រោងម៉ាស៊ីនកិននស្រូវដែលជាដៃគូ របស់ធនាគារអភិវឌ្ឍន៍ជនបទ នឹងមានលទ្ធភាពគ្រប់គ្រាន់ធ្វើការទិញស្រូវ ក្នុងតំបន់របស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតម្លៃត្រូវបានធានាតាមតម្លៃទីផ្សារ។
៣៖ រាជរដ្ឋាភិបាលបានទម្លាក់ នូវកញ្ចប់ឥណទានពិសេសបន្ថែមជាបន្តបន្ទាប់ ដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្តល់ជូនដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ដោយដាក់ស្តុកស្រូវធ្វើជាវត្ថុធានាបំណុល ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ តាមតម្លៃទីផ្សារ។
លោក កៅ ថាច បានជម្រាបជូនប្រជាសហគមន៍បន្ថែមទៀតថា ការគិតគូររក្សាសុវត្ថភាពថ្លៃស្រូវ គឺសម្រាប់រយៈពេលវែង ហើយក្នុងនោះរាជរដ្ឋាភិបាល បានគិតគូរបន្ថែមទៅលើការកាត់បន្ថយថ្លៃដើមផលិត តម្លៃដឹកជញ្ជូនរបស់កសិករមកកាន់ទីផ្សារផងដែរ។ ជាក់ស្តែងផ្លូវខ្លះ នៅក្នុងតំបន់មួយចំនួន កំពុងស្ថិតនៅក្នុងគម្រោងសិក្សា ជួសជុល ធ្វើថ្មី កែលម្អឡើងវិញ ដើម្បីធ្វើការតភ្ជាប់តំបន់ផលិតមកទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់បងប្អូនប្រជាកសិករ។ ដោយឡែកការសិក្សាទំលាក់តម្លៃជី ពូជ ថ្នាំ ក៏ត្រូវបានគិតគូរផងដែរ។ ចំពោះការទំលាក់ឥណទាន អត្រាការប្រាក់ទាបចំពោះសហគមន៍កសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ រីករាយសហការណ៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះប្រជាកសិករ។
ឆ្លងកាត់បទពិសោធន៍កាលពីឆ្នាំ២០១៦ និងឆ្លងកាត់ការទិញ លក់ស្រូវ ក្នុងឆ្នាំ២០១៧ តាមរយៈយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្ត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការវាយតម្លៃខ្ពស់ និងមានជំនឿជាក់យ៉ាងមុតមាំថា តម្លៃស្រូវរបស់ប្រជាកសិករ នៅរដូវប្រមូលផលខាងមុខនេះ នឹងធានាបានតម្លៃទីផ្សារ។
ក្នុងឱកាសនោះ លោក កៅ ថាច បានស្នើសុំឲ្យបងប្អូន អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ឲ្យបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសមធម៌ប្រជាជន និងរក្សាស្ថិរភាព សន្តិភាពជាបន្តទៀត។
បន្ថែមលើនេះ លោកអគ្គនាយក ក៏បានសំណូមពរដល់បងប្អូនសហគមន៍ និងក្រុមហ៊ុនធនាគារស្រូវ៖
* ធ្វើកិច្ចសន្យាកសិកម្មរួមគ្នា រវាងសហគមន៍ និងធនាគារស្រូវ និងធ្វើការពង្រីកសមាជិកភាពឲ្យបានច្រើន និងមានសាមគ្គីភាពជាធ្លុងមួយដើម្បីប្រយោជន៍រួម។ ភាគីទាំងពីរត្រូវអនុវត្តតាមកិច្ចសន្យា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ។
* សហគមន៍រៀបចំផែនការ និងតារាងពេលវេលាច្រូតកាត់ស្រូវ ដោយសហកាជាមួយធនាគារស្រូវ ដើម្បីមានភាពងាយស្រួល លើការដឹកជញ្ជូនមកកាន់ទីផ្សារលក់ និងអាចជៀសវៀង មានការទំលាក់តម្លៃពីឈ្មួញកណ្តាល ក្នុងករណីស្រូវជន់ខ្លាំង។
* ក្រុមហ៊ុនធនាគារស្រូវ ត្រូវចុះមកទិញស្រូវតាមតារាងច្រូតកាត់ឲ្យបានទាន់ពេលវេលា និងតាមតម្លៃទីផ្សារ។
* ស្នើសុំឲ្យក្រុមហ៊ុនធនាគារស្រូវ ពង្រីកទីតាំងទទួលទិញ ឲ្យបានដល់ទីតាំងណាដែលមិនទាន់មាន និងឲ្យដល់ទីតាំងច្រូតកាត់តែម្តង ដើម្បីសម្រួលកាត់បន្ថយការចំណាយ លើការដឹងជញ្ជូនរបស់បងប្អូនសហគមន៍។
* ស្នើសុំអាជ្ញាធរមូលដ្ឋានចូលរួមកិច្ចសហការ និងសម្របសម្រួលលើការដឹកជញ្ជូនស្រូវ មកកាន់ទីផ្សារ រោងម៉ាស៊ីនកិនស្រូវ៕