(ភ្នំពេញ)៖ លោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ លោក វីលៀម ជេស ឡុងហឹស្ត បានលើកឡើងថា រដ្ឋសភាកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយស្ថានទូតអង់គ្លេស។ ស្ថានទូតអង់គ្លេស បានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការពង្រឹងសមត្ថភាព តំណាងរាស្រ្ត ជាស្រ្តី តាមរយៈការរៀបចំឲ្យមានសិក្ខាសាលាជាច្រើនលើក។
លោក វីលៀម ជេស ឡុងហឹស្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកអង់គ្លេស បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅអង់គ្លេស ផ្តល់ជំនួយខាងដោះមីន និងសកម្មភាពសង្គមជាច្រើនទៀត ហើយបេសកកម្មនោះនឹងនៅបន្តទៅមុខទៀត។
សម្តេច ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានជួយគាំទ្រកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា កម្ពុជា-ចក្រភពអង់គ្លេស មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦ទសវត្សរ៍មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជាតិ និងប្រទេសទំាងពីរ បាននាំមកនូវឧត្តមប្រយោជន៍ទៅវិញទៅមក ជាពិសេសបាន រួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជាទំាងពេលបច្ចុប្បន្ន និងអនាគត។
សម្តេចប្រធានរដ្ឋសភា បានជម្រាបលោកឯកអគ្គរាជទូតថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខ ដែលមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការកំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យ។ កម្ពុជាខិតខំរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំមកនូវសេចក្តីសុខក្សេមក្សាន្តជូនប្រជាជនកម្ពុជា។
ជាចុងបញ្ចប់សម្តេចបានជូនពរ ឯកអគ្គរាជទូត សូមមានសុខភាពល្អនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព និងសូមទទួលបានជោគជ័យក្នុង បេសកកម្មជាបន្តបន្ទាប់ទៀត។ សម្តេចបានផ្តាំផ្ញើថា ទោះបីបេសកកម្មការទូតរបស់លោកនៅកម្ពុជាត្រូវបានបញ្ចប់ និងទៅបំពេញភារកិច្ចនៅស្ថាប័ន ផ្សេងក្តី សូមលោកនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជន និងអ្នកវិនិយោគិន នៅអង់គ្លេសឲ្យកាន់តែច្រើនថែមទៀត៕