(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដាស់តឿនជាថ្មីម្ដងទៀតហើយ ចំពោះកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលខណ្ឌ, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីក្រោមឱវាទទាំងអស់ដាច់ខាត ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចសំខាន់ៗ ជូនប្រជាពលរដ្ឋ ដូចជា៖ ១-បញ្ហាសំរាម, ២-បញ្ហាសណ្តាប់ធ្នាប់សាធារណៈ, ៣-បញ្ហារក្សាសន្តិសុខ, ៤-បញ្ហាផ្តល់សេវា និង៥-ត្រូវឯកភាពទាំងអស់គ្នាគ្រប់ទីកន្លែង គ្រប់មធ្យោបាយ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដើម្បីធ្វើការផ្សព្វផ្សាយ ពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យបំពេញកាតព្វកិច្ច អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា បើអាណិត បើស្រឡាញ់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការដាស់តឿនរបស់លោក ជា ពិសី ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពេលលោកកំពុងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជូនដល់មន្ត្រីក្រោមឱវាទទាំងអស់ ដើម្បីឲ្យអនុវត្តភារកិច្ច ក្នុងការបម្រើជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ជា ពិសី បានថ្លែងថា នៅថ្ងៃ២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជិតឈានចូលមកដល់ខាងមុខ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សូមដាក់ចេញនូវផែនការសកម្មភាព ដោយអនុវត្តជាប្រចាំ និងដាច់ខាត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ចំណុះរដ្ឋបាលខណ្ឌ, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តភារកិច្ច ដូចខាងក្រោម៖
ទី១៖ បញ្ហាសំរាម៖ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមសហការជាប្រចាំ ជាមួយមន្ត្រីមូលដ្ឋាន ជំរុញភ្នាក់ងារអនាម័យ និងក្រុមហ៊ុន រាយការណ៍ប្រមូលដឹកសំរាមចេញ ឲ្យអស់ពីក្នុងមូលដ្ឋានយើង, ចំណុចសំខាន់មួយទៀត នៅពេលមានភ្លៀង ត្រូវដឹកនាំកម្លាំងចុះពិនិត្យតាមប្រព័ន្ធបង្ហូរទឹក ជៀសវាងការកកស្ទះដោយដី និងសំរាម
ទី២៖ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ៖ ក្រុមការងារទទួលបន្ទុក និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ និងតាមផ្លូវផ្សារ ដោយហាមដាច់ខាត់ការយកផ្លូវធ្វើអាជីវកម្មម
ទី៣៖ បញ្ហាសន្តិសុខ៖ ត្រូវរក្សាឲ្យបាននូវសុខសុវត្តិភាពក្នុងមូលដ្ឋាន ជាពិសេសខិតខំបន្តអនុវត្តលុបបំបាត់ ល្បែងស៊ីសង បញ្ហាគ្រឿងញៀនឲ្យអស់ ពីក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ
ទី៤៖ បញ្ហាការផ្តល់សេវាជូនប្រជាពលរដ្ឋ៖ មន្ត្រីទទួលបន្ទុក ពាក់ព័ន្ធការផ្តល់សេវា ត្រូវណែនាំដល់មន្ត្រីក្រោមឱវាទជាប្រចាំ គឺ ធ្វើឲ្យបាន ទាន់ពេលវេលា និងតម្លាភាព ស្មោះត្រង់ ជៀសវាងការថ្នាំងថ្នាក់ និងដោះស្រាយឲ្យបាននៅនឹងកន្លែង
ទី៥៖ សូមអនុវត្ត ដោយការឯកភាពទាំងអស់គ្នា ស្រុសដៃ ព្រមៗគ្នា និងគ្រប់ទីកន្លែង គ្រប់មធ្យោបាយ ក្នុងការផ្សព្វផ្សាយ ពន្យល់ដល់ប្រជាពលរដ្ឋឲ្យបំពេញកាតព្វកិច្ច អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បើអាណិត បើស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវអនុវត្តផែនការសកម្មភាពខាងលើឲ្យមានប្រសិទ្ធិភាព ទទួលបានលទ្ធផលល្អប្រសើរ។
លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំថ្ងៃ នូវលទ្ធផលអនុវត្ត ដូចបានដាក់ចេញខាងលើ៕