(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup ២សម័យកាល អ៊ុយរូហ្គាយ នឹងចាប់ផ្តើមប្រកួតដំបូងនៅ World Cup 2018 ដោយត្រូវប៉ះក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប វគ្គសន្សំពិន្ទុពូល A នាម៉ោង ៧៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ថ្ងៃសុក្រ ទី១៥ ខែមិថុនា បន្ទាប់ពីធ្លាប់យកឈ្នះ ២-០ ក្នុងមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០០៦។
ការប្រកួតគូទី២ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នឹងធ្វើឡើងនៅកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បាន ប្រមាណ ៣៥០០០នាក់ Ekaterinburg ស្ថិតក្នុងទីក្រុង Yekaterinburg នៃប្រទេសរុស្ស៊ី ដែលជាការប្រកួតបញ្ចប់ជុំទី១ ប្រចាំពូល A ក្រោយរុស្ស៊ីបានបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ បើកឆាកយប់មិញនេះ។
តាមរយៈសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសបានចេញផ្សាយថា ក្រុមខ្លាំងអ៊ុយរូហ្គាយ មិនធ្លាប់ចាញ់ក្រុមណា មួយមកពីទ្វីបអាហ្រ្វិកឡើយ ហើយប៉ះអេហ្ស៊ីបយប់នេះ ជាការជួបគ្នាផ្លូវការក្នុងយុទ្ធនាការ ៤ឆ្នាំម្តងនេះលើកទី១ផងដែរ បន្ទាប់ពីឈ្នះ ២-០ កាលពីក្នុងមិត្តភាពអន្តរជាតិនាខែសីហា ឆ្នាំ២០០៦ កន្លងទៅ ដោយមានកីឡាករសំខាន់ Edinson Cavani កំពុងលេងឲ្យក្លឹបបារាំង PSG និង Luis Suarez កំពុងលេងឲ្យក្លឹប FC Barcelona។
ងាកមកចាប់អារម្មណ៍អេហ្ស៊ីប ដែលទើបឡើងមកដល់វគ្គ៣២ក្រុមនៃ World Cup 2018 លើកដំបូងគិតចាប់តាំងពីឆ្នាំ ១៩៩០មក មានកីឡាករនាំលេង និងជំនាញស៊ុត Mohamed Salah ជាមួយនឹងការជួយអេហ្ស៊ីបរងជើងឯក ពានប្រចាំទ្វីបអាហ្រ្វិក African Cup of Nations នាឆ្នាំ២០១៧ ក្រោយចាញ់កាមេរូន ២-១ នៅវគ្គផ្តាច់ព្រ័ត្រ៕