(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គមេបញ្ជាការ និងសាលា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ ក៏បានប្រកាសគាំទ្រនូវសេចក្ដីថ្លែងការណ៍ របស់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគាអាមេរិក ដោយចោទប្រកាន់គ្មានមូលដ្ឋានពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។
លោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងទៀត ការសម្រេចដែលធ្វើឡើង តាមទំនើងចិត្តរបស់សហរដ្ឋអាមេរិកនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំអាចទទួលយកបានឡើយ»។
លោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ ក៏បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពានាវឱ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយ មកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់ កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕