(កោះកុង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកោះកុង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃិត សំវៀន ស្នងការនគរបាលខេត្ត បានបង្ក្រាបមេក្លោងជួញដូរ គ្រឿងញៀនបាន២នាក់ ព្រមទាំងដកហូតថ្នាំញៀនជាងកន្លះគីឡូក្រាម និងវត្ថុតាងប្រើប្រាស់មួយចំនួនធំ។
ប្រតិបត្តិការចុះបង្រ្កាបមេក្លោងជួញដូរគ្រឿងញៀននេះ ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅចំណុចភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ឧត្តមសេនីយ៍ត្រី មីន រស្មី បានបន្តថា ជនសង្ស័យដែលជាមេក្លោងជួញដូរគ្រឿងញៀននេះ រួមមានទី៖ ឈ្មោះ ឃុន សិលា ហៅឌុលឡា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងទី២៖ ឈ្មោះ សើ រ៉ហ៊ីម ហៅម៉ាប់ អាយុ១៩ឆ្នាំ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ICE) ចំនួន១២កញ្ចប់ធំ និង១កញ្ចប់តូច (ទម្ងន់សរុប០,៦ក្រាម)
និងឧបករណ៍សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួនទៀ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ចូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕