(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលទីតាំងរោងពុម្ព ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ក្រៅពីការបង្ហាញ ដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ក៏មានវត្តមាននៅទីនេះផងដែរ ដើម្បីផ្ដល់បទសម្ភាសន៍ផ្សេងៗ ជូនក្រុមអ្នកសារព័ត៌មានអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត។
សូមជម្រាបថា លោក ឌឹម សុវណ្ណារុំ ធ្លាប់បានបញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភ ដើម្បីបម្រើដល់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានចំនួន ១០,៥២៥,៦៥០សន្លឹក។ ក្នុងនោះសន្លឹកឆ្នោត ៣២៩,២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះ ក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ដើម្បីបណ្តុះបណ្តាលមន្រ្តី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។
បើតាមលោក ឌឹម សុវណ្ណារុំ ក្នុងសន្លឹកឆ្នោតមួយសន្លឹក ត្រូវចំណាយថវិកាប្រមាណ៩៩០រៀល។ ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក៕