(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំយ៉ុង បើកជ្រុលទៅបុកពីរថយន្តដឹកកម្មករកំពុងឈប់ ពេញទំហឹងបានបណ្តាលឱ្យកម្មការិនីជាស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និងកម្មការិនី៤នាក់ទៀត រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦៖៤០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឧកញ៉ាហេង​ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះដែលបានស្លាប់នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ចំណែកអ្នករងរបួស៤នាក់ រួមមានទី​១៖ ឈ្មោះ ឡាញ់ ស៊ីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងវែងឃុំ វាលរេញស្រុកព្រៃនប់, ទី២៖ ឈ្មោះ ង៉ែត គឹមលី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់, ទី៣៖ ឈ្មោះ ស្រស់ ធារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ អ្នកទាំងបីខាងលើរងរបួសមធ្យម និងទី៤៖ ឈ្មោះ ស៊ីន ណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ រងរបួសធ្ងន់។ បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរួចរាល់ហើយ។

មុនពេលកើតហេតុ គេឃើញ​រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2F-8521 ធ្វើដំណើរទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ស្របជាមួយរថយន្តដឹកកម្មករ លុះមកដល់ចំណុ​ចកើតហេតុ រថយន្តសាំយ៉ុង បានបើកវ៉ាស្តាំជ្រុល ​ទៅបុកពីក្រោយរថយន្ត ដឹកកម្មករមួយគ្រឿងទៀត ដែលកំពុងឈប់លើចិញ្ចើមផ្លូវម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2H-5382 បណ្តាលឱ្យ​ស្លាប់មនុស្សម្នាក់​នៅនឹងកន្លែង(ស្រី) និងរបួសធ្ងន់៤នាក់ (ប្រុសម្នាក់)។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បាន​រត់គេចខ្លួនបាត់ ខណៈរថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តទៀត៕