(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋភូមិអូររំដួល និងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ក្រោយក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកត្រពាំងប្រាសាទ បានសន្យាជួសជុលផ្លូវមួយខ្សែប្រវែង៧គីឡូម៉ែត្រ ឡើងវិញ ក្រោយរងការខូចខាតដោយទឹកភ្លៀងនៅរដូវវស្សានេះ។
លោក ឃិន ញ៉ាណ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកត្រពាំងប្រាសាទ ក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានថ្លែងថា ផ្លូវលំមួយខ្សែដែលប្រជាពលរដ្ឋ២ភូមិ បានស្នើសុំជួសជុលនេះ គឺមានសារសំខាន់ខ្លាំងណាស់ សំរាប់ការធ្វើដំណើររបស់ពួកគាត់ ដូចជា ការដឹកកសិផល ទៅមន្ទីរពេទ្យ ទីសាលារៀន...ជាដើម។
ដោយសាររដូវនេះ ជារដូវវស្សាទឹកភ្លៀងធ្លាក់ញឹកញាប់ យើងមិនទាន់ធ្វើការជួសជុលផ្លូវនេះកើតទេ ដូច្នេះក្រុមការថ្នាក់ខេត្ត ចុះជួយស្រុក និងរួមថវិកាគ្នាធ្វើការជួសជុលផ្លូវនេះឡើងវិញ នៅរដូវប្រាំងដើម្បីបំរើផលប្រយោជន៍ ប្រជាពលរដ្ឋ។
ជាមួយគ្នានោះផងដែរ លោក ឃិន ញ៉ាណ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យប្រទេសជាតិយើង រក្សាបាននូវសុខសន្តិភាព និងកាន់តែរីកចម្រើនថែមទៀត៕