(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិទាំងអស់ សូមបន្តគាំទ្រការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមគ្រប់រូបភាព ដើម្បីធានាឲ្យមានសន្តិសុខស្បៀង និងអាហា-រូបត្ថម្ភ ទាំងនៅក្នុងកម្រិតគ្រួសារ សហគមន៍ និងថ្នាក់ជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
ការស្នើរបស់លោករដ្ឋមន្ត្រី វេង សាខុន យ៉ាងដូច្នេះធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី ឆ្នាំ២០១៨ ក្រោមពាក្យស្លោក «ដីមានតម្លៃពិតប្រាកដ សូមចំណាយដើម្បីថែរក្សា» ដែលរៀបចំឡើងនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ភូមិត្រពាំងសាប ឃុំត្រពំាងសាប ស្រុកបាទី ខេត្តតាកែវ។
ពិធីនោះក៏មានការចូលរួម ពីសំណាក់ឯកអគ្គរាជទូត អគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗនិសិ្សត បងប្អូនតំណាងកសិករ និងតំណាងសហគមន៍កសិកម្ម ដែលមានចំនួនប្រមាណ៥០០នាក់ ។
ក្រៅពីការស្នើខាងលើនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន ដោយត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ដើម្បីធានាឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ រវាងកសិករ និងកសិករ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយ ឲ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌ អាកាសធាតុនៅគ្រប់កម្រិត។
លោក វេង សាខុន ក៏បានស្នើឲ្យមានអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដោយអង្គភាពជំនាញត្រូវបន្តខិតខំ ប្រញាប់ប្រញាល់រៀបចំកំណត់តំបន់ដីកសិកម្ម ឲ្យបានសមស្របសម្រាប់ទិសដៅ ប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់-ព័ន្ធដើម្បីឈានដល់ការគ្រប់គ្រង ប្រភពធនធានធម្មជាតិ ដែលកើតចេញពីវិធានការអភិវឌ្ឍប្រកបដោយស្ថិរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសំណូមពរឲ្យបងប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាព នូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬសកម្មភាពដែលបង្កឲ្យមានរហោស្ថានកម្ម ឬ ការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅ ដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឲ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពោលគឺត្រូវរក្សា ស្តារ ឬកែប្រែទឹកដីរបស់យើង ឲ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែង សម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា។
លើសពីនេះទៅទៀតនោះ លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពធ្វើ ឲ្យមានការធ្លាក់ចុះគុណភាពដីផងដែរ៕