(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងរថយន្តមន្ទីរពិសោធន៍ចល័ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទំនិញ ដែលក្រុមអាជីវករ ដាក់តាំងលក់នៅក្នុងផ្សារបឹងកុក នៅក្រុងកំពង់ចាម ជាលទ្ធផលរកឃើញដើមចេក និងត្រយូងចេកមានសារធាតុគីមី។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានថ្លែងថា ពេលចុះត្រួតពិនិត្យយើងសង្កេតឃើញថា មិនមានទំនិញណាខូចគុណភាព ហួសដឺឡេនោះទេ ប៉ុន្តែមានបន្លែមួយចំនួនមានសារធាតុគីមី។
យ៉ាងណាក៏ដោយលោកថា នៅពេលនេះបងប្អូនអាជីវករមានការយល់ដឹងច្រើន។ ពួកគាត់បានយកចិត្តទុកដាក់ណាស់ចំពោះបញ្ហាសុវត្តិភាព ចំណីអាហារ ជាពិសេសក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើ គ្រឿងទេស និងភេសជ្ជៈផ្សេងៗ គឺពួកគាត់បានយល់ដឹងច្រើន និងចេះដឹងកាន់តែច្រើន ក្នុងការត្រួតពិនិត្យទាំងស្ថានភាព ទាំងលើការបរិច្ឆេទប្រើប្រាស់ ក៏ដូចជា ការវេចខ្ចប់ ការដាក់តាំងលក់ផងដែរ។
លោក ស៊ាន ស៊ីណាត បានបញ្ជាក់ថា ការការពារសុខុមាលភាពប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងរបស់មន្ត្រីកាំកុងត្រូលយើង ប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឱ្យកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សង្គម ក៏ដូចជាបង្កឱកាសសម្រាប់ភាពសុខុដុមក្នុងជីវិត៕