(ភ្នំពេញ)៖ លោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចំានៅកម្ពុជា ដែលត្រូវចប់អាណត្តិការងារនៅឆ្នាំនេះ បានថ្លែងគូសបញ្ជាក់ថា រូបលោកនឹងអញ្ជើញចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះ មុននឹងរូបលោកចាកចេញពីប្រទេសកម្ពុជា។
លោក វីលៀម ជេស ឡុងហឹស្ត បានថ្លែងថា ក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា លោកបានចូលរួមសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ហើយឆ្នាំ២០១៨នេះ ជាការបោះឆ្នោតសកល ដែលជាបទពិសោធន៍ថ្មីមួយ ដែលលោកនឹងទទួលបាន។ ក្នុងនាមរាជរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូតចប់អាណត្តិរូបនេះ គូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
លោកឯកអគ្គរាជថ្លែងបញ្ជាក់បែបនេះក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនេះសម្តេចពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានជួយគំាទ្រកម្ពុជារហូតមក។ សម្តេច ហេង សំរិន បានលើកឡើងថា កម្ពុជា-ចក្រភពអង់គ្លេស មានទំនាក់ទំនងការទូត ជាមួយគ្នាជាង៦ទសវត្សរ៍មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជាតិ និងប្រទេសទំាងពីរ បាននាំមកនូវឧត្តមប្រយោជន៍ទៅវិញទៅមក ជាពិសេសបានរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា ទំាងពេលបច្ចុប្បន្ន និងអនាគត។
សម្តេចប្រធានរដ្ឋសភា បានជម្រាបឯកអគ្គរាជទូតថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខ ដែលមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការកំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យ។ កម្ពុជា ខិតខំរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនកម្ពុជា។
ជាចុងបញ្ចប់សម្តេច បានជូនពរឯកអគ្គរាជទូត សូមមានសុខភាពល្អ និវត្តន៍ទៅកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព និងសូមទទួលបានជោគជ័យ ក្នុងបេសកកម្មជាបន្តបន្ទាប់ទៀត។ សម្តេចបានផ្តាំផ្ញើថា ទោះបីបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា ត្រូវបានបញ្ចប់ និងទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងក្តី សូម ឯកឧត្តមនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងជួយផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជន និងអ្នកវិនិយោគិននៅអង់គ្លេស ឲ្យកាន់តែច្រើនថែមទៀត៕