(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចូលរួមអបអរ និងជូនពរជ័យដល់បងប្អូន សាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោក ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន នៅថ្ងៃនេះ បន្ទាប់ពីបួសតមអាហាររយៈពេល១ខែ។
តាមរយៈ Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានជូនពរជ័យបងប្អូនសាសនិកឥស្លាមយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅលើសាកលលោកផងដែរ ដែលបានបញ្ចប់បួសខែរ៉ាម៉ាឌន ហើយត្រូវធ្វើពិធីថ្ងៃរ៉យ៉ាហ្វិតត្រស់ នៅថ្ងៃសុក្រទី១ កើត ខែស្ហាវ៉ាល់ ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨។
ឆ្លៀតក្នុងឱកាសថ្ងៃដ៍ល្អមហាប្រសើរ ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងឲ្យបងប្អូនទាំងអស់ ទទួលបាននូវសេចក្កីសុខ សេចក្ដីចំរើនរុងរឿង សម្បូរសប្បាយប្រកបដោយក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និងសុំឲ្យអល់ឡស់ មេត្តាទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌនទាំងអស់ដែលបងប្អូន បានគោរពប្រតិបត្តិសាងឡើង និងនៅខែខាងមុខៗទៀត កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាឥស្លាមប្រមាណជិត២ ពាន់លាននាក់ នៅជុំវិញពិភពលោក បានចាប់ផ្ដើមអនុវត្តកាត្វកិច្ចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ៕