(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការ ចុះជួយមូលដ្ឋានក្រុង ស្រុកក្នុងខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនូវគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទុកជាត្រីវិស័យចង្អុលបង្ហាញ ដល់ក្រុមការងារគ្រប់ថ្នាក់យកទៅអនុវត្តទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងបានក្រើនរំលឹកដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រង កសាងបន្ថែមកម្លាំងសកម្មជនប្រកបដោយសមត្ថភាព ហើយត្រូវពង្រឹង និងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និងក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ការអនុវត្តភារកិច្ចតួនាទីរបស់ខ្លួន មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវា និងការដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋហើយបញ្ហាប្រឈមនានា ដែលនៅសេសសល់ពីមុនមក ត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ នៃច្បាប់ឲ្យបានទាន់ពេលវេលា ហើយរួមគ្នាជួយដោះស្រាយ រាល់ទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ សម្ដេច ទៀ បាញ់ ក៏បានធ្វើការជំរុញអាជ្ញាធរសមត្ថកិច្ចគ្រប់ ក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងឱកាសដែលគ្រប់គណបក្សនយោបាយ ធ្វើការឃោសនារកសំឡេងគាំទ្រគណបក្សខ្លួន និងនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីកុំឲ្យមានកើតនូវអំពើហិង្សា សំខាន់លើសុវត្ថិភាពចរាចរណ៍ ក្នុងពេលដែលពួកគាត់អញ្ជើញទៅកាន់ការិយាល័យបោះឆ្នោត ក្នុងការធានាសុវត្ថិភាពដល់ពួកគាត់ផងដែរ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់លោក លោកស្រី ដែលបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ក្នុងការគាំទ្ររាល់សកម្មភាព នៃការអភិវឌ្ឍលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា៕