(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័តរួចរាល់ហើយ ដោយបានអនុញ្ញតច្បាប់ ឲ្យក្រុមហ៊ុនចិនមួយឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD. ដើម្បីអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១.៨៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩,៥១៥កន្លែង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Facebook ផ្លូវការរបស់ CDC។
ពាក់ព័ន្ធគម្រោងសាងសង់ផ្លូវល្បឿនលឿននេះរ ដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News កាលពីពេលថ្មីៗនេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៨នេះហើយ។
លោកថា ការសិក្សាគម្រោងត្រូវបានបិទបញ្ចប់ហើយ បច្ចុប្បន្នកំពុងចរចាទិញដីរបស់ប្រជាពលរដ្ឋ និងទូទាត់សំណងផលប៉ះពាល់ផ្សេងៗ។ លោកបានបញ្ជាក់ថា «ថវិកាមិនមានបញ្ហាអ្វីនោះទេ អ្វីដែលសំខាន់ គឺការចរចាទិញដី និងដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ»។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា។
គួររំឭកថា នាអំឡុងពេលដំណើរទស្សនកិច្ចនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង កាលពីដើមឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០.៦៣គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕