(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចយកកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទដៃ «Cambodia Driving Rules» ចូលរួមប្រកួតប្រជែងយកពានរង្វាន់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ ឆ្នាំ២០១៨ (ICT Awards 2018)។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ទេស តារារ័ត្ន អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានទៅចូលរួមធ្វើបទបង្ហាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា កម្មវិធី «Cambodia Driving Rules» ជាកម្មវិធីមួយអនុញ្ញាតឲ្យសាធារណជនទាញយកទៅប្រើប្រាស់ ដើម្បីកម្សាន្តកើនចំណេះដឹងពីទ្រឹស្តីនៃការបើកបរ។ ជាពិសេសអនុញ្ញាតឲ្យបេក្ខជនអាចធ្វើការប្រឡងសាកល្បង ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រឡងយកបណ្ណបើកបរផ្លូវការទៀតផង។
បើតាមក្រសួងសាធារណការ បានឲ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះ មានអ្នកទាញយកមកប្រើប្រាស់ (Download) ប្រមាណ ១០ម៉ឺននាក់ ហើយមានអ្នកចុះឈ្មោះដើម្បីសាកល្បងចំណេះដឹងប្រមាណ ៧ម៉ឺននាក់។
ក្រសួងសាធារណការមានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងអាចឈានទៅរកវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនក្នុងអនុវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមក្នុងការធ្វើកំណែទម្រង់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រឡងយកបណ្ណបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរូបភាពនៃការចែករំលែកចំណេះដឹងនេះផងដែរ។
នៅឆ្នាំ២០១៧កន្លងទៅក្រសួងសាធារណការ ក៏បានយកកម្មវិធីចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មចូលរួមប្រកួតប្រជែងពានរង្វាន់ ICT ហើយទទួលបានជយលាភីលេខ១ ក្នុងវិស័យរដ្ឋ ហើយសម្រាប់វិស័យទូទៅទាំងរដ្ឋ និងឯកជនទទួលបានជយលាភីលេខ៣៕
ប្រជាពលរដ្ឋអាចអាចទាញយកកម្មវិធី «Cambodia Driving Rules» តាមរយៈ link ដូចខាងក្រោម៖
- App Store: http://dr.mpwt.gov.kh/ios
- Play Store: http://dr.mpwt.gov.kh/android