(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃហើយ នៅវេលាម៉ោង៤៖៥០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមកិច្ចប្រជុំ កំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩។ កិច្ចប្រជុំទាំងពីរនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៨។

នៅម៉ោងប្រមាណជា ៤:៥០នាទីរសៀល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។

ទំព័រ ​Facebook សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅមុននេះថា នៅពេលទៅដល់ អាកាសយានដ្ឋានអន្តរជាតិយោធារដនមឿង សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលគារវកិច្ចស្វាមគន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសថៃ រួមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមន្ត្រីសំខាន់ៗជាច្រើនរូបទៀតផង។

ដោយឡែក នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏មានគម្រោងនឹងអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីតនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡាផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅចូលរួមកិច្ចប្រជុំនេះ រួមមាន៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ។

ក្រសួងការបរទេសក៏បានឲ្យដឹងដែរថា កិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍មេគង្គ ដែលមានសមាហរណកម្ម និងការតភ្ជាប់» នឹងត្រូវដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ ដែលជាប្រធានកិច្ចប្រជុំ។

ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែនបង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួនបី ដែលនឹងត្រូវបានអនុម័ត នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖ (១) បញ្ជីគម្រោងអាទិភាព, (២) ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមផងដែរ នៅក្នុងវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយក្នុងឱកាសនោះ សម្តេចតេជោនឹងថ្លែងសុន្ទរកថាគន្លឹះមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើសមាហរណកម្ម។

សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CL MV) លើកទី៩ ដែលនឹងមានការចូលរួមពីសំណាក់លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក អ៊ូ វីន ម្ញីនត៍ ប្រធានាធិបតីមីយ៉ាន់ម៉ា និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម។ លោក ដាតុ លីម ចូក ហួយ អគ្គលេខាធិការអាស៊ាន ក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។


ក្រោមមូលបទ «ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា» ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចក្នុងប្រជុំកំពូល CLMV លើកទី៩ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយនិងពិភាក្សារិះរកវិធីយ៉ាងណា ដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកំពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល CLMV លើកទី៩ នេះ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ហើយបន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និ សីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ។

គួរកត់សម្គាល់ថា ប្រទេស CLMV មានការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយសារថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងសម្របសម្រួលដើម្បីឲ្យមានសេរីភាវូបនីយកម្ម ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច គួបផ្សំជាមួយ និងកត្តាលើកទឹកចិត្តផ្សេងៗទៀត ដូចជាតម្លៃពលកម្មទាប អំណោយផលនៃប្រជាសាស្រ្ត ក៏ដូចជាទីតាំងភូមិសាស្រ្តមានលក្ខណៈយុទ្ធសាស្រ្ត។

ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំងពីរនេះហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីពង្រឹង និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅ និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងថៃ។

សូមបញ្ជាក់ថា សនិ្នសីទកំពូល CLMV ឬសន្និសីទកំពូល កម្ពុជា ទ្បាវ មីយ៉ាន់ម៉ា វៀតណាម ជាវេទិកាដែលឆ្លើយតបទៅការរួមបញ្ចូលរវាងតំបន់មេគង្គ និងអាស៊ាន។ វាត្រូវបានបង្កើតទ្បើងក្នុងកាសសន្និកំពូលអាស៊ានជប៉ុននាខែធ្នូ ឆ្នាំ២០០៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មេដឹកនាំកំពូលនៃបណ្តាប្រទេសកម្ពុជា ទ្បាវ មីយ៉ាន់ម៉ា វៀតណាម បានឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូល CLMV នៅបណ្តាប្រទេសរៀងៗខ្លួន ហើយលើកទី១ នៃសនិ្នសីទកំពូលនេះបានប្រារព្ធធ្វើទ្បើងនៅខែវិច្ឆិកា ឆ្នាំ២០០៤ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសទ្បាវ។

ការបង្កើតទ្បើងវេទិកាសហប្រតិបត្តិការ CLMV គឺជាការខិតខំប្រឹងប្រែងមួយក្នុងការខិតខំប្រឹងប្រែងទាំងទ្បាយដើម្បីឆ្លើយតបសំណូម ចាំបាច់រវាងតំបន់មេគង្ក និងអាស៊ាននាឆ្នាំ២០០៣។ ឧបសគ្គធំបំផុត នៃសមាហរណកម្មអាស៊ាន គឺគម្លាតអភិវឌ្ឈន៍ នៃសមាជិកអាស៊ានទាំងទ្បាយ ជាក់ស្តែងគំលាតបណ្តាប្រទេស CLMV ជាមួយនិងបណ្តាប្រទេសផ្សេងៗទៀត។ អាស្រ័យហេតុនេះកិច្ចសហប្រតិបត្តិការ CLMV ត្រូវបានចាប់ផ្តើមទ្បើងពីការចេញពីគំនិតដើម គឺកាត់បន្ថយគំលាតអភិវឌ្ឈន៍នោះ ក្នុងគោលដៅជំរុញសមាហរណកម្មនៃប្រទេស CLMV ទៅក្នុងដំណើការអភិវឌ្ឈន៍រួម។

កិច្ចសហប្រតិបត្តិ CLMV គឺជារចនាសម្តន្ធ័សហពន្ធ័បើកទូលាយម្ខាង គឺដើម្បីពង្រីកឧត្តមភាពដែលមានស្រាប់ សក្កានុពលសហប្រតិបត្តិការ ដែលមានស្រាប់រវាងបណ្តារប្រទេស CLMV ហើយម្ខាងទៀត គឺជាច្រកសម្រាប់អំពាវនាវឲ្យគំាទ្រ រវាងបណ្តារប្រទេសអាស៊ានដទៃទៀត និងដៃគូរអភិវឌ្ឈន៍បណ្តាប្រទេស CLMV។

កិច្ចសហប្រតិបត្តិការ CLMV ក៏ជាវេទិកាសម្រាប់បណ្តាប្រទេស CLMV ច្របាច់បញ្ចូលគ្នានូវគោលជំហររបស់ខ្លួនផង រួមចំណែកការពារផលប្រយោជន៍ ក្នុងដំណើរការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាតភ្ជាប់សេដ្ឋកិច្ចអាស៊ានជាមួយ និងដៃគូសេដ្ឋកិច្ចដទៃទៀត ដូចជា ចិន កូរ៉េខាងត្បូងជាដើម។

កិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេស CLMV មាន៦ វិស័យផ្សេងៗគ្នា ដូចជា៖ វិនិយោគ កសិកម្ម ឧស្សាហកម្ម និងថាមពល គមនាគមន៍ ទេសចរណ៍ និងអភិវឌ្ឈន៍គុណភាពធនធានមនុស្ស។

កិច្ចប្រជុំកំពូលនេះធ្វើឡើងជាទៀងទាត់។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៨ វិច្ឆិកា នៅវៀងច័ន្ទ ប្រទេសទ្បាវ ឆ្នាំ២០០៤,លើកទី២ ធ្វើនៅប្រ ទេសម៉ាទ្បេស៊ី ខែធ្នូ ឆ្នាំ២០០៥, លើកទី៣ នៅប្រទេសហ្វីលីពីន ខែមករា ឆ្នាំ២០០៧, លើកទី៤ ធ្វើនៅវៀតណាម ខែវិច្ឆិកា ឆ្នាំ២០០៨, លើកទី៥ ធ្វើនៅកម្ពុជា ខែវិច្ឆិកា ឆ្នាំ២០១០, លើកទី៦ ធ្វើនៅប្រទេសឡាវ ខែមីនា ឆ្នាំ២០១៣, លើកទី៧ ធ្វើនៅមីយ៉ាន់ម៉ា ខែឧសភា ឆ្នាំ២០១៥ និងលើកទី៨ បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

សម្រាប់កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ក៏ស្រដៀងគ្នាទៅនឹង កិច្ចប្រជុំ CLMV ផងដែរ ដោយគ្រាន់តែបញ្ចូលប្រទេសថៃជាសមាជិកបន្ថែមមួយទៀត៕