(កំពង់ធំ)៖ ផ្ទះថ្មីទី៧៦ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចំណាយថវិកាសាងសង់ជាង៧លានរៀល ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនេះ ប្រគល់រួចហើយជូនដល់អតីតយុទ្ធជនពិការម្នាក់ ឈ្មោះ ទ្រី ទ្រឿន ដែលរស់នៅភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ការប្រគល់បានធ្វើឡើង នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលជាខ្នងផ្ទះទី៧៦នេះ ដោយផ្ទាល់តែម្តង។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយសម្តេចតេជោ ជូនលោក ទ្រី ទ្រឿន បន្ថែមទៀតរួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកត្រីទឹកស៊ីអ៉ីវ០៣យួរ, មីយើង០២កេស, មុងជ្រលក់ថ្នាំ០២មុង និងថវិកា២០០,០០០រៀលផងដែរ។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោកពិ្រន្ទបាលឯក ទ្រី ទ្រឿន មានក្តីរំភើបរីករាយយ៉ាងក្រៃលែង។ លោកសូមដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ហើយសូមប្តេជ្ញាគាំទ្រសម្តេច ជានាយករដ្ឋមន្ត្រីរៀងរហូត។
សូមជម្រាបថា លោកពិ្រន្ទបាលឯក ទ្រី ទ្រឿន អាយុ៤៦ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ អតីតអង្គភាពយោធាស្រុកប្រាសាទបល្ល័ង្ក នៃយោធាខេតកំពង់ធំ។ លោកបានត្រូវរបួស និងពិការ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៣ នៅសមរភូមិ ភូមិធំ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ក្នុងពេលបំពេញភារកិច្ច ចុះស៊ើបការណ៍ខ្មាំង។
បច្ចុប្បន្នលោក ទ្រី ទ្រឿន មានភរិយាឈ្មោះ ស៊ុន សាវន អាយុ៣៩ឆ្នាំ មានកូន០៦នាក់ក្នុងបន្ទុក សព្វថ្ងៃប្រកបមុខរបរជាកសិករ និងស៊ីឈ្នួលជីកអណ្តូងដៃ ហើយព្រឹន្ទបាលឯករូបនេះ បានទទួលប្រាក់បៀវត្សប្រចាំខែ ពីរាជរដ្ឋាភិបាល ចំនួន៥២០,០០០រៀល៕