(ភ្នំពេញ)៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានលើកឡើងថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ទាំងអស់ គឺត្រូវបានធានា ការពារសន្តិសុខ និងសុវត្ថិភាព នៅក្នុងសម័យបោះឆ្នោត ដូចមានចែងនៅក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរក្រសួង ស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគ.ជ.ប។ នេះបើតាម សេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោក ឌុច សុន បានលើកឡើងបែបនេះ នៅក្នុងឱកាស គ.ជ.ប បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីរាយនាម គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្នោះបោះឆ្នោតផ្លូវការ នៅតាមមណ្ឌលរាជធានី-ខេត្ត និងសិទ្ធិទទួលបានការការពារសុវត្ថិភាពរបស់បេក្ខជន កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ ដោយមានអ្នកចូលរួមប្រមាណ៦០នាក់ ក្នុងនោះមានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយចំនួន១៥, តំណាងអង្គការមិនមែនរាជរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និង KOICA ប្រចាំ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានបេក្ខជនសរុបចំនួន ៤១២៦នាក់ ក្នុងនោះមានបេក្ខជនពេញសិទ្ធិសរុបចំនួន ១៩៧២នាក់ និងបេក្ខជនបម្រុងសរុបចំនួន២១៥៤នាក់។
សម្រប់ព័ត៌មានលម្អិត សូមអាចសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖