(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឲ្យសិស្ស ដែលបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ អាចទៅដកសញ្ញាបត្របានហើយ។
ក្រសួងអប់រំបានឲ្យដឹងទៀតថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៤ សីហា ២០១៥ អាចទៅទទួលយកសញ្ញាបត្រ ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត រៀងៗខ្លួន បន្ទាប់ពីមន្ទីរអប់រំ រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះទៅ ដោយឥតគិតថ្លៃ។
បើតាមសេចក្តីជូនដំណឹងនេះ មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់មធ្យបាយ និងអនុវត្តខ្លឹមសារលិខិតនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ រាល់បាតុភាពទាំងឡាយណា ដែលកើតចេញពីការចែកសញ្ញាបត្រនេះ គឺជាការទទួលខុសត្រូវ របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត៕