(សេអ៊ូល)៖ ជាថ្មីម្តងទៀតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្តែងការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយលោក មូន ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានជួយឲ្យពិភពលោកទាំងមូលរួចផុតពីសង្រ្គាមអាវុធនុយក្លេអ៊ែរ ដែលអាចនឹងផ្ទុះឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងអំឡុងឱកាសទទួលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅរដ្ឋធានីសេអ៊ូល លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា «មានទស្សនជាច្រើនដែលអាចបកស្រាយ ពីលទ្ធផលនៃកិច្ចជំនួបកំពូលកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺរឿងជាក់ស្តែងដែលថា វាបានអនុញ្ញាតឲ្យពិភពលោកទាំងមូល រួមមានទាំងប្រជាជនអាមេរិក ជប៉ុន និងចិន រួចចាកផុតពីក្តីមហន្តរាយនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ»។
គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅនេះ លោក ត្រាំ និងលោក គីម បានជួបគ្នាជាលើកដំបូង នៅឯប្រទេសសិង្ហបុរី។ មេដឹកនាំទាំងពីរបានអង្គុយនិយាយគ្នាមួយទល់មួយ ហើយបន្ទាប់មកក៏បានបើកជំនួបទ្វេភាគី ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃភាគីទាំងសងខាង ព្រមទាំងការទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នា។
លើសពីនេះ នៅក្រោយកិច្ចចរចា លោក ត្រាំ និងលោក គីម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីចំណុចសំខាន់ធំៗ ០៤ រួមមានការសំដៅបង្កើតទំនាក់ទំនងថ្មី អាមេរិក-កូរ៉េខាងជើង, ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង, ការសហការដើម្បីស្វែងរកសន្តិភាពជូនតំបន់ឧបទ្វីបកូរ៉េ, ការធ្វើមាតុភូមិនិវត្តន៍នៃគ្រោងឆ្អឹងឈ្លើយសឹក ឬក៏ពលទាហានអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្រ្គាមកូរ៉េ៕