(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំការប្រកួតពានរង្វាន់ Cambodia ICT Awards 2018 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។
វគ្គនេះមានការចូលរួម ប្រកួតរបស់បេក្ខជនចំនួន២០រូប ដែលមកពី២០ស្ថាប័ន/ក្រុមហ៊ុនផ្សេងៗគ្នា។
លោក ស៊ុន រ៉ាពីដ អនុប្រធាន NIPTICT បានថ្លែងឲ្យដឹងថា ក្នុងថ្ងៃនេះ មានបេក្ខជនចំនួន២០រូប ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។ ក្នុងចំណោមអ្នកទាំង២០រូបនេះ នឹងត្រូវចំរាញ់យកបេក្ខជនចំនួន១២រូបតែប៉ុណ្ណោះ ដើម្បីទៅប្រកួតវគ្គផ្ដាច់ព្រ័ត ហើយក្នុងចំណោមបេក្ខជនទាំង១២រូបនេះ នឹងត្រូវចំរាញ់យកត្រឹមតែ៣រូប តែប៉ុណ្ណោះដែលនឹងត្រូវទទួលជ័យលាភីលេខ១, លេខ២ និងលេខ៣។
លោកបានបន្ថែមទៀតថា ក្នុងឆ្នាំនេះ ការប្រកួតពានរង្វាន់ Cambodia ICT Awards 2018 មានលក្ខណៈពិសេសខុស ពីរាល់ឆ្នាំដោយក្នុងឆ្នាំនេះ អ្នកទទួលបានជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ, ជ័យលាភីលេខ២ ទទួលបានថវិការ៣ពាន់ដុល្លារ និងជ័យលាភីលេខ៣ ទទួលបាន២ពាន់ដុល្លារ។
លោកបានបញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវដល់និស្សិត សិក្សាផ្នែក ICT នេះប្រសិនបើពួកគាត់មានគំនិតអាជីវកម្មថ្មី ខាងពួកខ្ញុំនឹងជំរុញឲ្យពួកគាត់បង្កើត និងអនុញ្ញាតឲ្យយកគំនិតអាជីវកម្មនេះ មកចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីពានរង្វាន់ ICT Awards។ មួយវិញទៀតការប្រកួតនេះ ជាការប្រកួតពានរង្វាន់ថ្នាក់ជាតិ ដោយមានការទទួលស្គាល់ ក៏ដូចជាជំរុញស្នាដៃរបស់ពួកគាត់ ថែមមួយកម្រិតទៀត និងអាចឈានទៅ ប្រកួតប្រជែងពាន់រង្វាន់ ICT ប្រចាំតំបន់អាស៊ាន ព្រមទាំងអាចពង្រីកអាជីវកម្មកាន់តែខ្លាំងក្លាបន្ថែមទៀត»។
លោក ឃួន សុភ័ទ្ធ អគ្គនាយកក្រុមហ៊ុន មរកតិចណូឡូជី ថ្លែងឲ្យដឹងថា «សម្រាប់ថ្ងៃនេះផងដែរ ខ្ញុំពិតជាមានរីករាយ ណាស់ដែលក្រុមហ៊ុនខ្ញុំ មានឱកាសចូលរួមប្រកួតក្នុងកម្មវិធី Cambodia ICT Awards 2018 នេះជាកម្មវិធីដ៏ល្អមួយ ក្នុងការលើកស្ទួយសហគ្រិន ក្នុងផ្នែកបច្ចេកវិទ្យា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានរៀបចំ កម្មវិធីពានរង្វាន់នេះឡើង»។
លោកបានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹម១០០ភាគរយក្នុងការ ទទួលបានជ័យលាភី ព្រោះថាក្រុមហ៊ុនបានខិតខំប្រឹងប្រែង និងធ្វើការយ៉ាងផ្ចិតផ្ចង់មែនទែន មុននឹងមកប្រកួតនេះឯង»៕