(ភ្នំពេញ)៖ លោក យ៉ែម រចនា បានប្រតិកម្មទៅនឹងការចោទប្រកាន់រូបលោក ពាក់ព័ន្ធនឹងរឿងចេញសែកស្អុយ និងច្រានចោលមួយទៀត ដែលចោទលោកថាលួចលក់ដីទៅឲ្យមនុស្សទី៣ នៅក្នុងស្រុកកណ្ដាលស្ទឹង។ រឿងនេះលោកទទួលស្គាល់ថា មានការជំពាក់លុយកាក់មែន ប៉ុន្តែដំណើរការសងជាបន្តបន្ទាប់ មិនមានការរអាក់រអួលទេ ហើយក៏មិនមានការគេចខ្លួននោះដែរ។
លោកចាត់ទុកថា ឈ្មោះ អ៉ឹង សុទ្ធី ចោទប្រកាន់លើរូបលោកបែបនេះជាការផ្សព្វផ្សាយបរិហារកេរ្តិ៍គ្មានការពិត មកលើរូបលោក។
លោក យ៉ែម រចនា បានឲ្យដឹងថា លោកពិតជាបានខ្ចីប្រាក់ពីឈ្មោះ អ៉ឹង សុទ្ធីមែន ប៉ុន្តែសាច់ប្រាក់សុទ្ធដែលខ្ចីពេលនោះមានត្រឹមតែ២១៥,០០០ដុល្លារ (ម្ភៃមួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) តែប៉ុណ្ណោះ បើបូកជាមួយការប្រាក់បន្ថែមទៀត សរុបទាំងអស់ចំនួន ៣១៥,០០០ដុល្លារ (សាមសិបមួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។ តែរូបលោកបានសងរំលួសរហូតដល់សរុបទឹកប្រាក់ចំនួន ២២៧,០០០ដុល្លារ (ម្ភៃពីរម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិក) រួចមកហើយ។ ប្រាក់នៅសល់លោកកំពុងតែសងជាបន្តបន្ទាប់ដោយមិនបានគេចវេសឡើយ។
លោកបានឲ្យដឹងថា ការសងប្រាក់ទៅឲ្យឈ្មោះ អ៉ឹង សុទ្ធី គឺធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ គឺមានកាលបរិច្ឆេទ និងលេខសែកបញ្ជាក់ច្បាស់លាស់ថែមទៀតផង។ លោកបានពន្យល់ទៀតថា ប្រាក់នៅសល់មិនបាន១០ម៉ឺនដុល្លារទៀតទេ។
ទាក់ទិននឹងរឿងចេញសែកគ្មានប្រាក់នោះ លោកបានពន្យល់ថា សែកនោះគ្រាន់តែជាសែកសម្រាប់តម្កល់ប្រាក់ទុកដើម្បីឲ្យភាគីទាំង២មានទំនុកចិត្តគ្នា គឺមិនមែនសែកសំរាប់បើកលុយសុទ្ធនោះទេ។ ចំណែកការសងប្រាក់ជាបន្តបន្ទាប់ធ្វើឡើងតាមដំណាក់កាល និងសងប្រាក់នៅក្រៅប្រព័ន្ធសែកបើកលុយក៏មានដែរ។
លោក យ៉ែម រចនា បានបញ្ជាក់ទៀតថា ចំពោះការចោទប្រកាន់ទៅលើរូបលោកថា បានយកដីទំហំ៥០ហិកតា ទៅលក់ឲ្យអ្នកផ្សេងនោះក៏ជារឿងមិនពិតនោះដែរ ព្រោះថាប្លង់កម្មសិទ្ធិច្បាប់ដើម ស្ថិតនៅក្នុងដៃលោក អ៉ឹង សុទ្ធី រួចទៅហើយ តើខ្ញុំមានឯកសាររឹងមាំណាយកដីទៅលក់ទៀត?
លោកបានបន្តទៀតថា រូបលោកមិនបានគេចវេស ដូចការចោទប្រកាន់នោះទេ ប៉ុន្តែឈ្មោះ អ៉ឹង សុទ្ធី មិនដឹងមានគោលបំណងទុច្ចរិតអ្វី ទើបដាក់ពាក្យប្ដឹងចោទប្រកាន់ទាំងបំពានបែបនេះ។ ខ្ញុំនឹងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ អាចនឹងប្ដឹងតបវិញ៕