(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣៦ ក្រុមទី១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ បានរលត់ទៅវិញជាស្ថាពរហើយ នៅវេលាម៉ោងជិត៣ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយមានអន្ដរាគមន៍យ៉ាងដុតដៃដុតជើងពីកម្លាំងសមត្ថកិច្ច រយៈពេលប្រមាណ៣ម៉ោង។
លោក ព្រំ យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា តាមការស្រាវជ្រាវជំហ៊ានដំបូង សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
បើតាមលោកនាយការិយាល័យ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន២៤គ្រឿង ស្នើនឹងចំនួនទឹក៣០ឡាន មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៥គ្រឿង, ក្រសួងមហាផ្ទៃ ០២គ្រឿង, ទីក្រុងកោះពេជ្រ០២គ្រឿង, OCIC ជ្រោយចង្វារ០៤គ្រឿង និងក្រុមហ៊ុនស្រាបៀកម្ពុជា០១គ្រឿង។
លោក ព្រំ យ៉ត បានបន្ថែមថា ក្នុងគ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះចំនួន៣ល្វែងនៅជាន់លើ និងសម្ភារអស់មួយចំនួនធំ ប៉ុន្ដែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕