(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានស្ថាបនា គម្រោងអភិវឌ្ឍអភិវឌ្ឍទំនប់ស្ទាក់ទឹកសាលាតាអន ដែលស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ពិធីនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិដែលមាន លោក ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់, លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ដំណើរការគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអននេះ គឺដើម្បីយកទឹកស្តុកទុកក្នុងស្ទឹងសង្កែ និងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សាដែលមានផ្ទៃដីស្រោចស្រពជាង ១០.៤០០ហិកតា មានប្រឡាយសរុបប្រវែង១៥គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណ៣៧.០៨៦.៣៦៣ដុល្លារអាមេរិក។
គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ត្រូវបានដំណើរការអនុវត្តដោយមានទំហំការងារ៖ សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែ ប្រវែង២៥០ម៉ែត្រ, សាងសង់សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែ ប្រវែង៧៤ម៉ែត្រ, សាងសង់ប្រឡាយបេតុង ចំនួន៤ខ្សែ ប្រវែង១៣,៧៨គីឡូម៉ែត្រ, សាងសង់សំណង់ទ្វារទឹក ចំនួន១២កន្លែង, សាងសង់សំណង់ស្ទាក់ទឹកប្រឡាយរង ចំនួន២កន្លែង, សាងសង់សំណង់លូចែកចាយទឹកប្រឡាយមេ ចំនួន៨កន្លែង, សាងសង់ស្ពានឆ្លងកាត់ និងស្ពានថ្មើរជើងកាត់ប្រឡាយមេ សរុបចំនួន១៨កន្លែង និងសាងសង់ជណ្តើរចុះប្រឡាយ មេសម្រាប់អ្នកភូមិប្រើប្រាស់ជាច្រើនកន្លែងទៀត៕