(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្តាំផ្ញើទៅដល់ក្មួយៗកម្មករ-កម្មការិនី ត្រូវគោរពគោលការណ៍របស់ក្រុមហ៊ុន ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ត្រូវចាត់ទុកគ្នាជាបងជាប្អូនគ្រួសារតែមួយ និងត្រូវថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដ៏ល្អផូផង់ កុំឲ្យបរទេសឈ្លានពាន និងវាយតម្លៃ ជាពិសេសកុំជឿលើការឃោសនារបស់ជនខិលខូចមួយចំនួន។
លោកអភិបាលខេត្ត បានផ្តាំផ្ញើបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនកម្មករ-កម្មការិនី ចំនួន១៥៧នាក់ ជាលើកទី៤ ដែលបម្រើការងារក្នុង ក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា (Vanny Bio Reserch Cambodia) ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក ថម មី អគ្គនាយករងក្រុមហ៊ុន, ប្រធានមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរក្រុង, ចៅសង្កាត់ និងបងប្អូនកម្មករ-កម្មការិនី ជាច្រើនអ្នកទៀត។
បន្ទាប់ពីលោក ថម មី អគ្គនាយករងក្រុមហ៊ុន បានថ្លែងឲ្យដឹងពីរបាយការណ៍ និងស្ថានភាពរស់នៅរបស់ក្រុមគ្រួសារកម្មករ-កម្មការិនីក្រុមហ៊ុនរួចមក លោក ម៉ៅ ធនិន បានសម្តែងទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាក្រុមគ្រួសារតែមួយ និងបានលើកឡើងថា នេះជាលើកទី៤ហើយ ដែលលោកបានជួបសំណេះសំណាលជាមួយក្មួយៗ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា។
អភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាចដំណើរការទៅបាន ក៏ត្រូវការកម្លាំងរបស់ក្មួយៗ ហើយក្រុមហ៊ុនអាចឈរជើងនៅលើទឹកដីកម្ពុជាបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះហើយទាំងក្រុមហ៊ុន និងក្មួយៗ ត្រូវសម្រួល និងផ្តល់លទ្ធភាពឲ្យគ្នាទៅវិញទៅមក ក្នុងការចូលរួមការពារថែរក្សានូវតម្លៃនៃសុខសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកក៏បានជម្រាបជូនអំពីសមិទ្ធផលកំពុងកើតមាន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ចំណងដៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានអំពាវនាវ ឲ្យក្មួយៗទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានោះ លោកក៏បានសន្យាថា នៅពេលវិស្សមកាលដ៏ខ្លីខាងមុខ លោករួមជាមួយអគ្គនាយករងក្រុមហ៊ុន នឹងផ្តល់ជាមធ្យោបាយ និងអាហារហូមចុក ជូនដល់ក្មួយកម្មករ-កម្មការិនី បានទៅដើរលេងកម្សាន្តនៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់កម្មករ-កម្មការិនី ចំនួន១៥៧នាក់ ក្នុងម្នាក់ៗទទួលបានត្រីខ១កំប៉ុង សារុង១ និងអង្ករ១០គីឡូក្រាម។ ដោយឡែកកម្មការិនី ដែលមានផ្ទៃពោះឆ្លងទន្លេ និងត្រៀមឆ្លងទន្លេ ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភបន្ថែម ជាសរុង៣ និងថវិកា១០ម៉ឺនរៀល និងបន្តចុះសម្របសម្រួលដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទៅតាមសំណូមពរ នៅសាលាខេត្តពោធិ៍សាត់៕