(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាមួយ ស្តីពី «បច្ចុប្បន្នភាពបទបញ្ញាត្តិថ្មីៗ ស្តីពីពន្ធដារ ព្រមទាំងវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន» ក្រោមអធិបតីភាព លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកស្រី ប៊ុន នារី អគ្គនាយិការង អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងនាយក ឬតំណាងក្រុមហ៊ុន-សហគ្រាស ចំនួន៣០០សហគ្រាស ដែលជាភ្នាក់ងារសេវាកម្មពន្ធដារ ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រុមហ៊ុនសម្ព័ន្ធញាតិ និងក្រុមហ៊ុន ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រង របស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
លោក វ៉ាន់ ពុទ្ធិពល បានឲ្យដឹងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ដល់ក្រុមហ៊ុន-សហគ្រាស បានយល់ដឹងអំពីនីតិវិធី និងវិធីសាស្រ្ត នៃការបែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន ឱ្យស្របតាមគោលការណ៍ជំហោងដៃ និងបទបញ្ញាត្តិ ស្តីពីពន្ធដារ ដោយជៀសវាងប្រតិបតិ្ដការផ្ទេរថ្លៃ ដែលមិនឆ្លុះបញ្ចាំងពីតម្លៃទីផ្សារជាក់ស្តែង ព្រមទាំងផ្សព្វផ្សាយអំពីវឌ្ឍនភាពបទបញ្ញាត្តិថ្មីៗ ស្តីពីពន្ធដារបន្ថែមទៀត។
លោកអគ្គនាយករងបានបញ្ចាក់បន្ថែមថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំចង្អុលបង្ហាញពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំប្រកាសសារាចរណែនាំ និងសេចក្តីជូនដំណឹងជាច្រើន ស្របតាមការកើនឡើងជាលំដាប់ នូវសកម្មភាពពាណិជ្ជកម្មថ្មីៗ ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថេរភាពនយោបាយ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការអនុវត្តរបស់ក្រុមហ៊ុន-សហគ្រាស និងភាគីពាក់ពន្ធ័។
ជាក់ស្តែងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាពបទបញ្ញាត្តិថ្មីៗ ស្តីពីពន្ធដារព្រមទាំងវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយ ក្នុងចំណោមបុគ្គលទាក់ទិន» និងចូលរួមចំណែកខ្ពស់ ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ហើយតាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មីៗ បន្ថែមទៀត ស្តីពីវិធីសាស្ត្រសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន ប្រតិបត្តិការជំហោងដៃ សហគ្រាសសម្ព័ន្ធញាតិ និងបទបញ្ញាត្តិថ្មីៗ ស្តីពីពន្ធដារ ព្រមទាំងអាចឈ្វេងយល់កាន់តែស៊ីជម្រៅថែមទៀត សំដៅធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធ គោរពឱ្យបានខ្ចាប់ខ្ចួន នូវការអនុវត្តច្បាប់ស្តីពីសារពើពន្ធ និងជៀសវាងនូវកំហុសឆ្គងដោយប្រការណាមួយ ដែលអាចនាំទៅដល់ការទទួលរងនូវការផាកពិន័យ និងទោសទណ្ឌផ្សេងៗ ពីសំណាក់រដ្ឋាភិបាលសារពើពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា ធុរកិច្ចដែលបានចូលរួមនឹងសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តច្បាប់ ឱ្យកាន់តែមានភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងសង្គតិភាពខ្ពស់ថែមទៀត៕