(ភ្នំពេញ)៖ ម្ចាស់សំណង់រោងដែក ដែលអាជ្ញាធរខណ្ឌសែនសុខ ចាត់ទុកថា ជាសំណង់ខុសច្បាប់ និងបានដាក់ពេលកំណត់ឲ្យរុះរើ ចេញជាច្រើនលើក ដោយមានលិខិតជូនដំណឹងផងនោះ មកដល់ពេលនេះ ម្ចាស់សំណង់ខុសច្បាប់ ដែលគេដឹងថា មានតួនាទីជាមេធាវីឈ្មោះ ទិត សុខវណ្ណា មិនគោរពតាមឡើយ ថែមទាំងបកលិខិតរបស់អាជ្ញាធរបោះចោល យ៉ាងរំភើយ និងដាក់ពាក្យស្នើសុំពន្យាពេល ម្តងហើយម្តងទៀត អត់ខ្វល់អំពីការរិះគន់របស់ប្រជាពលរដ្ឋ ឬចំណាត់ការរបស់អាជ្ញាធរឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រពន្ធរបស់លោក មេធាវី ទិត សុខវណ្ណា បានដាក់លិខិតស្នើសុំ ទៅសាលាខណ្ឌសែនសុខ និងសាលាសង្កាត់របស់លោក ដោយសុំពន្យាពេលរយៈពេល១០ថ្ងៃទៀត ដើម្បីរុះរើរោងដែក ដែលរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋដោយខ្លួនឯង។
លោកចៅសង្កាត់បន្តថា លិខិតសុំពន្យាពេលនោះ បានប្រើមូលហេតុថា ជាប់រវល់បុណ្យសាច់ញាតិនៅស្រុក។ ទោះជាយ៉ាងណា ចៅសង្កាត់គោកឃ្លៀង រូបនេះ បានបញ្ជាក់ថា សំណង់រោងដែក ដែលរំលោភយួកដី ផ្លូវសាធារណៈរបស់រដ្ឋពីសំណាក់លោកមេធាវី ទិត សុខវណ្ណា ត្រូវតែរុះចេញជាដាច់ខាត មិនអាចទុកបានទេ។
សូមជម្រាបជូនថា អាជ្ញាធរសង្កាត់គោកឃ្លាង ធ្លាប់បានយកលិខិតជូនដំណឹងឲ្យរុះរើ ដែលមានហត្ថលេខាលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទៅបិតលើរោងដែកដែលសង់ រំលោភយកដីផ្លូវរដ្ឋដោយ បានកំណត់ពេលឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើសំណង់រោងដែក ដែលសង់លើដីគម្រោងផ្លូវសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែផ្ទុយពីការកំណត់របស់អាជ្ញាធរ លោកមេធាវីបំពានច្បាប់រូបនេះ បានសុំពន្យាពេលរុះរើត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ទីបំផុតមេធាវីរូបនេះ នៅតែមិនគោរពតាមការសន្យា ខណៈដែលលិខិត ជូនដំណឹងក៏ត្រូវគេបកចោលពៅលើរោងដែករំលោភផ្លូវរដ្ឋនោះផងដែរ។
លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានប្លង់ LMAP នៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕