(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសថា លោកគ្មានទ្រពសម្បត្តិនៅសហរដ្ឋអាមេរិកទេ ហើយក៏មិនដែលឈានជើងជាន់ដីប្រទេសនេះម្តងណាដែរ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានចំអកឱ្យអាមេរិកឆាប់បង្កកទ្រព្យសម្បត្តិលោក ឱ្យបានលឿនបំផុត បើសិនរកឃើញថា លោកមានទ្រព្យសម្បត្តិ នៅទីនោះ។
ការឆ្លើយតបរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើងតាមរយៈលិខិតមួយ នៅថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីឆ្លើយតបទៅនឹងវិធានការ មិនសមហេតុផល និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានដាក់លោកបញ្ចូលក្នុងបញ្ជីខ្មៅ ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ក្នុងគោលដៅចំណេញនយោបាយ ក្រោមលេសចោទប្រកាន់ថា លោកចូលរួមរំលោភពសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីឆ្លើយតបរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ បានបញ្ជាក់៦ចំណុចយ៉ាងដូច្នេះថា៖
ដូច្នេះខ្ញុំសូមឆ្លើយតបចំពោះក្រសួងរតនាគារអាមេរិក ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ ក្នុងមួយជីវិតរបស់ខ្ញុំ គឺចង់ធ្វើជាមិត្តរបស់អាមេរិកណាស់ ប៉ុន្តែខ្ញុំមានឆន្ទៈយ៉ាងមុតមាំ គឺរក្សាការពារសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា ឱ្យបានដាច់ខាត និងត្រៀមខ្លួនជានិច្ច ដើម្បីវាយបកទៅលើជនអាមេរិកណា ដែលមិនគោរពនូវអធិបតេយ្យភាព នៃប្រទេសរាជ្យមួយ ព្រមទាំងមានមហិច្ឆតាឈ្លានពានមកលើប្រទេសខ្ញុំ ហើយថែមទាំងបានគាំទ្រ និងញុះញង់ពួកក្បត់ជាតិ ដែលមានក្នុងប្រទេសកម្ពុជា។
២៖ ថ្វីត្បិតតែខ្ញុំចង់ធ្វើជាមិត្ត ជាមួយអាមេរិកក៏មែនពិត តែខ្ញុំមិនមែនជាពលរដ្ឋអាមេរិកទេ គឺខ្ញុំជាពលរដ្ឋខ្មែរសុទ្ធសាធ។ ដូច្នេះខ្ញុំមិនត្រូវបានគោរពច្បាប់អាមេរិកនោះទេ ខ្ញុំដាច់ខាតគោរពតាមច្បាប់របស់កម្ពុជា ដែលជាប្រទេសមួយ មាននីតិរដ្ឋពេញលេញ នៅលើឆាកអន្តរជាតិ។
៣៖ សូមបញ្ជាក់ថា ខ្ញុំមិនមានទ្រព្យសម្បត្តិសម្រាប់ទុកឱ្យសហរដ្ឋអាមេរិកបង្កកនោះទេ បើរកឃើញថា៖ ទ្រព្យសម្បត្តិរបស់ខ្ញុំ មានទុកនៅសហរដ្ឋអាមេរិកនោះ សូមធ្វើការបង្កកឱ្យបានលឿនបំផុតទៅចុះ។
៤៖ ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលបានជាន់ទឹកដីអាមេរិក សូម្បីតែម្តងក៏គ្មានដែរ ដូច្នេះខ្ញុំក៏គ្មានបំណងទៅសហរដ្ឋអាមេរិកដែរ ព្រោះខ្ញុំមានការឈឺចាប់ ចំពោះទង្វើអាមេរិក ដែលបានធ្វើមកលើរូបខ្ញុំ គ្រួសារខ្ញុំ និងប្រទេសជាតិខ្ញុំ ដោយបានទម្លាក់គ្រាប់បែករាប់លានគ្រាប់ សម្លាប់ប្រជាពលរដ្ឋខ្មែរ នៅក្នុងទស្សវត្សន៍ឆ្នាំ១៩៧០ ព្រមទាំងបន្សល់ទុកកាកសំណល់សង្រ្គាមមិនទាន់ផ្ទុះ នៅតែបន្ត សម្លាប់ប្រជាជនខ្មែរជាបន្តបន្ទាប់ទៀត។ ដូច្នេះមិនបាច់ដាក់ទណ្ឌកម្មមកលើរូបខ្ញុំទេ ពីព្រោះមិនត្រូវការអាមេរិកទេ។
៥៖ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ និងបក្សពួកប្រឆាំង ដែលមានបំណងធ្វើបដិវត្ដពណ៌នៅកម្ពុជា មានបរទេសនៅពីក្រោយខ្នង។
៦៖ ខ្ញុំ ក្នុងនាមជាមេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហានទាំងអស់ ប្ដេជ្ញាការពារសន្ដិសុខ សុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្នុងគ្រួសារ ឲ្យបានជាដាច់ខាត។
ជាទីបញ្ចប់ ក្នុងនាមខ្ញុំជាកូនខ្មែរ និងជាអ្នកដឹកនាំ ក្នុងកងយោធពលខេមរភូមិន្ទមួយរូប ខ្ញុំប្ដេជ្ញាការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាព នៃប្រទេសមួយដែលមាននីតិរដ្ឋ ដោយមិនអនុញ្ញាត ឲ្យបរទេសណាមួយ ឬក៏មហាអំណាចណាមួយ មករំលោភបំពានបានឡើយ។ ជាពិសេសប្រឆាំងដាច់ខាតពួកក្បត់ជាតិ ដែលធ្វើតាមការញាក់របស់មហាអំណាចដែលនៅពីក្រោយខ្នង។ សូមសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្ដិរបស់ខ្ញុំ ដែលមាននៅសហរដ្ឋអាមេរិក ឲ្យបានឆាប់បំផុត ព្រោះខ្ញុំគ្មានទ្រព្យសម្បត្ដិនៅអាមេរិកនោះទេ ហើយមិនចាំបាច់ផ្ដល់ទិដ្ឋាការឲ្យខ្ញុំនោះដែរ ព្រោះខ្ញុំមិនចង់ទៅអាមេរិកឡើយ។
សហរដ្ឋអាមេរិក បានដាក់បម្រាមមិនឲ្យពលរដ្ឋអាមេរិកធ្វើការទាក់ទងជាមួយនឹងខ្ញុំ តែខ្ញុំក៏ពុំមានការចាំបាច់ណាមួយធ្វើការទាក់ទង ជាមួយពលរដ្ឋអាមេរិកដែរ។
* ខ្ញុំត្រូវរស់នៅក្នុងមាតុភូមិខ្ញុំ
* ខ្ញុំត្រូវការអភិវឌ្ឍន៍ប្រទេសខ្ញុំ
* ខ្ញុំត្រូវថែរក្សាការពារ សុខសន្ដិភាពប្រទេសខ្ញុំ
* ខ្ញុំត្រូវជួយប្រជាជនខ្ញុំ
ព្រោះកម្ពុជា ជាប្រទេសដែលមានអធិបតេយ្យភាព នីតិរដ្ឋពេញលេញត្រឹមត្រូវ មិនអាចមានបរទេស ឬមហាអំណាចណាមួយមករំលោភបំពានបានទេ៕