(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ខែ មិថុនាឆ្នាំ២០១៨ រដ្ឋបាលខេត្តស្វាយរៀង និងមជ្ឈមណ្ឌលការងារស្វាយរៀង បានរសហការគ្នារៀបចំវេទិកាការងារស្តីពី 《ឱកាសការងារ និងកម្មសិក្សាការងារ 》ដោយមានការការចូលរួមពីសាកលវិទ្យាល័យស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង វិទ្យាស្ថាន CGTI គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ LOLC មីក្រូហិរញ្ញវត្ថុប្រាសាក់ មីក្រូហិរញ្ញវត្ថុអម្រឹក ធនាគារស្ថាបនា រោងចក្រសានហ្វេង ថបស្ព័ត និងកាស៊ីណូឡឺម៉ាកាវ ដោយមានអ្នកចូលរួមប្រមាណ៦០០នាក់។
លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា វេទិកាការងារនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនាំនូវឱកាសការងារក្នុងខេត្ត ជាពិសេសការជួបផ្ទាល់រវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ការស្វែងយល់ពីព័ត៌មានការងារនានា វេទិកានេះក៏បានសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីការបម្រើផលប្រយោជន៍ ដល់វិស័យការងារ ហើយក៏ជាសក្ខីភាពមួយបង្ហាញនូវការយកចិត្តទុកដាក់របស់យើងគ្រប់គ្នា ចំពោះបុព្វហេតុនៃការចូលរួមអភិវឌ្ឍន៍វិស័យការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា កម្ពុជា គឺជាប្រទេសដែលមានប្រជាជនវ័យយក្មេង ហើយឈានដល់អាយុចូលធ្វើការក្នុងចំនួន ប្រមាណ៣សែននាក់ ក្នុងមួយឆ្នាំៗ។ និន្នាការបែបនេះនឹងបន្តក្នុង រយៈពេលវែងទៅមុខទៀត ។ ទោះបីជាកត្តាប្រជាសាស្រ្តបែបនេះ បានផ្តល់នូវផលលាភដល់កម្ពុជា ប៉ុន្តែក្នុងពេលទន្ទឹមគ្នា វាក៏ជាសម្ពាធដ៏ធ្ងន់ធ្ងរមួយក្នុងការបង្កើតការងារថ្មីបានច្រើនគ្រប់គ្រាន់សម្រាប់ ប្រជាពលរដ្ឋទាំងអស់នេះ។ ដូចយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថាសម្រាប់ប្រជាពលរដ្ឋភាគច្រើន កម្លាំងពលកម្មគឺជាទ្រព្យដែលបង្កើតចំណូល ដ៏ចម្បងបំផុតរបស់ខ្លួន។
លោកបញ្ជាក់ថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង ពិតជាបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ឲ្យទទួលបានការងារធ្វើ ទទួលបានប្រាក់បៀវត្សន៍ទ្រទ្រង់គ្រួសាររបស់ពួកគេ ពិសេសបានជួយកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានចំណូលសមរម្យ ។
លោក ពុទ្ធិ បន្ថែមទៀតថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅអោយនិយោជក ចំនួនប្រមាន៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍ , សិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។
ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ប្អូនៗនិស្សិតប្រឹងប្រែងស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោង ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត៕