(ពោធិ៍សាត់)៖ អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ សុវណ្ណ ស្ថិតក្នុងភូមិកែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដែលទើបស្ថាបនារួច ត្រូវបានធ្វើពិធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
តាមសេចក្ដីរាយការណ៍ ពីនាយកសាលាបានឲ្យដឹងថា កន្លងមកនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានជួយកសាងនូវសមិទ្ធផលជាច្រើន ក្នុងសាលាបឋមសិក្សា កែវ សុវណ្ណ ដែលជាទឹកដីស្រុកកំណើតរបស់លោក។ ជាក់ស្ដែងថ្ងៃនេះ បានធ្វើពិធីសម្ភោធសមិទ្ធផលថ្មីៗបន្ថែមទៀត មានដូចជា អគារសិក្សាមួយខ្នង០៦បន្ទប់, ទីចាត់ការមួយខ្នង០៣បន្ទប់, បន្ទប់ទឹកមួយខ្នង០៣បន្ទប់, តារាបាល់ទាត់, តារាងបាល់ទះ ព្រមទាំងបានបំពាក់ម៉ាស៊ីនកុំព្យូទ័រ តុ កៅអី ក្ដារខៀន ទូ និងសម្ភារៈសិក្សាមួយចំនួនទៀត សរុបថវិកាជាង១៤ម៉ឺនដុល្លារអាមេរិក។
លោកឲ្យដឹងបន្តថា គិតមកដល់ពេលនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានជួយកសាងសមិទ្ធផលក្នុងសាលាបឋមសិក្សាកែវ សុវណ្ណ សរុបជាង៣៤ម៉ឺនដុល្លារអាមេរិកហើយ។ នេះមិនទាន់គិតការកសាងផ្លូវ ស្ពាន និងសមិទ្ធផលតាមទីកន្លែងផ្សេងៗ ក្នុងខេត្តពោធិ៍សាត់នោះទេ។
ជាមួយគ្នានេះ លោក ម៉ៅ ធនិន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងស្រដៀងគ្នាថា សមិទ្ធផលដែលបានកើតឡើងនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសុខសន្តិភាពនេះ គឺបានមកពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សព្វថ្ងៃនេះរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសរហូតមានការរីកចម្រើនលើគ្រប់វិស័យ ហើយនៅចុងឆ្នាំ២០១៨នេះ ខេត្តពោធិ៍សាត់នឹងចាប់ផ្ដើមស្ថាបនាផ្លូវវាងក្រុង ដែលក្នុងនោះមានផ្លូវអាកាសកាត់ស្ទឹងពោធិ៍សាត់ទៀតផង។
ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា ខេត្តពោធិ៍សាត់ពីមុនមានវិទ្យាល័យតែមួយគត់ ប៉ុន្តែឥឡូវនេះមានរហូតដល់ទៅ១៥វិទ្យាល័យឯណោះ។ ខេត្តនេះ បានផ្លាស់ប្ដូរពីស្ពានឈើមកស្ពានដែក ពីស្ពានដែកមកស្ពានថ្ម ពីផ្លូវរទះមកផ្លូវដីស ផ្លូវគ្រួសក្រហម និងពីផ្លូវគ្រួសក្រហមមកផ្លូវកៅស៊ូ។ ប៉ុណ្ណឹងហើយនៅតែមានជនអគតិមួយចំនួននិយាយថា ការដឹកនាំប្រទេសកាន់តែក្រទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។
ថ្នាក់ដឹកនាំទាំង២បានលើកឡើងទៀតថា អគារសិក្សានេះជាថ្នាលបណ្ដុះបណ្ដាលនូវធនធានមនុស្ស ចំណេះវិជ្ជា ដូច្នេះសូមក្មួយៗខិតខំរៀនសូត្រពីថ្នាក់បឋមសិក្សានេះ ដើម្បីឈានទៅបន្តនៅថ្នាក់ឧត្តមសិក្សា ស្វែងរកការងារធ្វើសម្រាប់អនាគត និងជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលដោះស្រាយនូវសំណើមួយចំនួន មានដូចជា៖ ផ្ដល់ថវិកា១៣លាន និង២០ម៉ឺនរៀល សម្រាប់ធ្វើផ្លូវបេតុងក្នុងសាលាបឋមសិក្សា ហ៊ុន សែន សុវណ្ណរង្សី, ១៣លាន និង១៧៥.០០០រៀល សម្រាប់ចាក់ដីបំពេញទីធ្លា និងដាក់លូក្នុងសង្កាត់បន្ទាយដី, ១១០០ដុល្លារអាមេរិក ចាក់ដីមណ្ឌលសុខភាពវត្តពោធិ៍, ៤លាន និង៥៥ម៉ឺនរៀល សម្រាប់ចាក់ដីប៉ុស្ដិ៍រដ្ឋបាលបន្ទាយដី, ៥០០ដុល្លារអាមេរិក សម្រាប់ទិញកុំព្យូទ័រ ប្រើប្រាស់ក្នុងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និង៥០០ដុល្លារអាមេរិកទៀត ចូលរួមកសាងវត្តបន្ទាយដី។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន៣៣នាក់ ម្នាក់ទទួលបានសារុង១ កាតាប១ ថវិកា៥ម៉ឺនរៀល, សិស្សានុសិស្ស៥៣០នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ០៥ក្បាល ប៊ិច០២ដើម កាតាប០១ ព្រមទាំងបានផ្ដល់សម្ភារៈកីឡាដល់សាលាផងដែរ៕