(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពីបានធ្វើសកម្មភាព ទៅកាប់ជនរងគ្រោះពេលកំពុងសម្រាកក្នុងផ្ទះ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២១៖៤៥នាទី ម្សិលមិញ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះថា ករណីហិង្សានេះ បានបង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាប្រមាណ០៦នាក់ បាននាំគ្នាសម្រុកចូលក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ មឹក ស៊ីរ៉ា (ហៅ កន្ទឹម) ភេទប្រុស អាយុ២៥ឆ្នាំ ហើយបានប្រើដំបងឈើជ្រុង និងកាំបិត ទៅកាប់ និងវាយទៅលើជនរងគ្រោះដែលកំពុងដេកនៅក្នុងផ្ទះ បណ្តាលឲ្យរងរបួសប្រអប់ដៃខាងឆ្វេង យ៉ាងធ្ងន់ធ្ងរ។
លោកបន្តទៀតថា ពេលកំពុងកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួមមាន៖ ១-ឈ្មោះ ទួន ស៊ីណៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២-ឈ្មោះ រ៉ង វីរៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៣-ឈ្មោះ ទ្រី បឺតណយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ដោយឡែក ជនសង្ស័យចំនួន ០៣នាក់ទៀត បានរត់គេចខ្លួនបាត់។
ចំពោះវត្ថុតាងដែលជនសង្ស័យប្រើ សម្រាប់ធ្វើសកម្មភាព រួមមាន៖ កាំបិតខ្វែវ ដងឈើប្រវែង១០០ស.ម ០១ដើម, កំណាត់ឈើជ្រុងប្រវែង១១២ស.ម ០១ដើម, កំណាត់ឈើជ្រុងប្រវែង៩២ស.ម ០១ដើមផងដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ញូង សុវណ្ណ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃ និងពេលវេលាកើតហេតុខាងលើ ខ្លួនបានដេកមើលទូរទស្សន៍ជាមួយកូន និងក្មួយ ស្រាប់តែមានក្មេងមួយក្រុមមានគ្នាប្រមាណ ០៦នាក់ ប្រដាប់ដោយដំបងឈើជ្រុង និងកាំបិត បានសម្រុកចូលមកក្នុងផ្ទះរបស់ខ្លួន។ ក្មេងមួយក្រុមនោះ បានវាយក្មួយ និងកាប់កូនប្រុសរបស់គាត់ ដោយមិនដឹងមូលហេតុ។
ក្រោយពីការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យទាំង ០៣នាក់ខាងលើ បានសារភាពថា មុនពេលកើតហេតុ ក្រុមខ្លួនមានគំនុំជាមួយឈ្មោះ ហួរ (មិនស្គាល់ត្រកូល) ដែលរស់នៅក្នុងផ្ទះ ដែលក្រុមខ្លួនចូលទៅធ្វើសកម្មភាព។ លុះដល់ថ្ងៃកើតហេតុ ក្រុមខ្លួនបានបបួលគ្នាទៅសងសឹកជាមួយឈ្មោះ ហួរ តែពេលចូលទៅដល់ក្នុងផ្ទះ មិនបានឃើញឈ្មោះ ហួរ នោះទេ ឃើញតែមនុស្សប្រុសម្នាក់ផ្សេងទៀតកំពុងដេក (ជនរងគ្រោះ)។ ពេលក្រុមខ្លួនចូលទៅដល់ក្នុងផ្ទះ ស្រាប់តែមនុស្សប្រុសនោះក្រោករត់ ពេលនោះក្រុមខ្លួនបានរត់សំដៅទៅរកមនុស្សប្រុសម្នាក់នោះ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់នោះត្រូវចាំប្រអប់ដៃ។
ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕