(មណ្ឌលគិរី)៖ រយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា លោកឧត្តមសេនីយ៍ផ្កាយ៣ ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក មីកាអែល ហ្គីយៀម ប្រធានគម្រោងសហប្រតិបត្តិការ បារាំង-កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសំណេះសំណាលដល់មន្រ្តីកងកម្លាំងអាវធហត្ថទូទាំខេត្ត ត្រូវបានបញ្ចប់ ហើយនាវេលាថ្ងៃត្រង់ទី១៤ ខែមិថុនានេះ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ធ្វើសេចក្តីរាយការណ៍ជូនរួចមក ទៅកាន់មន្រ្តីកងរាជអាវុធហត្ថទូទាំងខេត្តមណ្ឌលគិរីជិត២០០នាក់ លោកឧត្តមសេនីយ៍ ប្រាក់ សិទ្ធ បានធ្វើការវាយតម្លៃកោតសរសើរ ដល់ស្នាដៃគ្រប់បណ្តាអង្គភាពអាវុធហត្ថ ខេត្ត ក្រុង ស្រុកដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងអគារដែលជាមូលដ្ឋានរបស់ខ្លួន មានភាពល្អប្រសើរជាងមុន មន្រ្តីមានវិន័យល្អ សាកសមជាមន្រ្តីបម្រើប្រជាជន ការពារប្រជពលរដ្ឋ និងសង្គម។
ជាងនេះទៅទៀត លោក ប្រាក់ សិទ្ធ ក៏បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗបន្ថែមទៀត ដល់កងកម្លាំង និងតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ព្រមទាំងជួយជំរុញឲ្យនាយ-នាយរងកងរាជអាវុធហត្ថ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ជាមួយគ្នានេះកម្លាំងអាវុធហត្ថទាំងអស់ បានត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រកាសទៅបោះឆ្នោតបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ក្នុងនោះដែរលោក មីកាអែល ហ្គីយៀម បានធ្វើការសម្តែងការកោតសរសើរ ដល់កងរាជអាវុធហត្ថរបស់កម្ពុជា ដែលទើបបង្កើតឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃនេះមានការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់។ បន្ថែមជាងនេះ លោក មីកាអែល ហ្គីយៀម បានធ្វើបទបង្ហាញពីអត្ត សញ្ញាណប្រវត្តិសាស្រ្តអាវុធហត្ថជាតិបារាំង ដែលបង្កើតឡើងក្នុងសតវត្សទី១៣៕