(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ២លើកមកហើយនោះ «មែកសឺដែស និងកំណប់អាថ៌កំបាំង» បានជ្រើសយកខេត្តរតនគិរីជាមុខព្រួញថ្មីសម្រាប់ដំណើរបេសកកម្មរបស់ខ្លួន ដែលបេសកកម្មលើកទី៣នេះ ក្រុមហ៊ុន Star Auto Cambodia (ក្រុមហ៊ុននាំចូលរថយន្តម៉ាក Mercedes-Benz ផ្ដាច់មុខនៅកម្ពុជា) រួមជាមួយ Fresh News និង Thmey Thmey នឹងធ្វើឱ្យទស្សនិកជនរំជើបរំជួលជាក់ជាមិនខាន។
កាលពីបេសកកម្មលើកទី១ នៅខេត្តពោធិ៍សាត់ ទស្សនិកជនបានស្គាល់ហើយនូវតំបន់ទេសចរណ៍ធម្មជាតិអូរសោម ជនជាតិដើមជង ភ្នំសំកូស ដើមក្រវាញ និងដើមដង្កោ ចម្ការដំណាំជាច្រើនរបស់ប្រជាពលរដ្ឋ ទឹកជ្រោះឆាយប្រុយ ព្រៃភ្នំជ្រលងដងអូរ ថែមទាំងបានឃើញនូវស្ថានភាពផ្លូវដ៏លំបាកឆ្ពោះទៅឃុំអូរសោម ពិសេសគឺស្រាទំបាយជូរព្រៃរបស់សិប្បកម្មស្រាទំពាំងបាយជូរព្រៃពោធិ៍សាត់ នៅស្រុកក្រគរផងដែរ។
រីឯបេសកកម្មលើកទី២ នៅខេត្តកំពង់ស្ពឺឯណោះ ក្រុមបេសកកម្មមែកសឺដែស និងកំណប់អាថ៌កំបាំង ក៏បាននាំទស្សនីយភាពជាច្រើននៅក្នុងភូមិប្រជាពលរដ្ឋ និងនៅតាមដងភ្នំទាបខ្ពស់នានា ក៏ដូចជាទស្សនីយភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំឱរ៉ាល់ ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងបេសកកម្មផ្សងព្រេងនៅខេត្តរតនគិរីខាងមុខនេះ លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Star Auto Cambodia បានលើកឡើងថា សម្រាប់បេសកម្មលើកទី៣នេះ ក្រុមបេសកកម្មនឹងទៅសិក្សាបន្ថែមអំពីតំបន់អេកូទេសចរណ៍ ដែនជម្រកសត្វព្រៃមួយឈ្មោះថា «សមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា» ដែលត្រូវបានដឹកនាំដោយស្ដ្រីខ្មែរឆ្នើមមួយរូប។
មិនដឹងថានៅខេត្តភាគឦសានមួយនេះ មានអ្វីខ្លះទេដែលទស្សនិកជន ក៏ដូចជាភ្ញៀវទេសចរបានស្គាល់ ប៉ុន្តែលោក ឃុន ចាន់ថា បានបង្ហាញឆន្ទៈថានឹងខិតខំបើកបង្ហាញផ្ទាំងទស្សនីយភាពដែលមាននៅខេត្តនេះឱ្យបានច្រើន ដោយលោកបានបញ្ជាក់ថា ទាំងអស់នេះ សុទ្ធសឹងតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ មិនថាតែប្រជាពលរដ្ឋមូលដ្ឋាននោះទេ សូម្បីភ្ញៀវទេសចរដែលចូលចិត្តទេសចរណ៍បែបធម្មជាតិ ក៏នឹងបានស្វែងយល់បន្ថែមដែរ។
លោកបន្តថា ថ្វីដ្បិតប្រទេសមានការអភិវឌ្ឍ ផ្លូវថ្នល់ខ្វាត់ខ្វែងស្ទើរពេញផ្ទៃប្រទេសក៏ពិតមែន ប៉ុន្តែតំបន់ទេសចរណ៍មួយចំនួនហាក់មិនសូវមានភ្ញៀវស្គាល់ និងទៅទស្សនាច្រើននៅឡើយ ដូច្នេះហើយទើបក្រុមហ៊ុន Star Auto Cambodia សហការជាមួយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច Thmey Thmey បានផ្ដួចផ្ដើមបង្កើតកម្មវិធីបេសកកម្ម «មែកសឺដែស និងកំណប់អាថ៌កំបាំង» នេះឡើង ដើម្បីចុះស្វែងរក និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍ ក៏ដូចជាកំណប់អាថ៌កំបាំងជាច្រើននៅទូទាំងប្រទេសកម្ពុជា។ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។
សូមជម្រាបថា ខេត្តរតនគិរី មានចម្ងាយ៥៨៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយ «បានលុង» ជាទីក្រុងដ៏សំខាន់របស់ខេត្តភាគឦសានមួយនេះ ភាគខាងជើងនៃខេត្តនេះជាប់ព្រំដែនប្រទេសឡាវ ខាងកើតជាប់ព្រំដែនប្រទេសវៀតណាម ខាងត្បូងជាប់ជាមួយខេត្តមណ្ឌលគិរី និងខាងលិចជាប់ជាមួយខេត្តស្ទឹងត្រែង។ ក្រុងបានលុង វាលស្រែចម្ការ សម្រស់ធម្មជាតិព្រៃភ្នំក្រំថ្ម ជនជាតិដើមភាគតិច និងវប្បធម៌រស់នៅរបស់ពួកគេ បឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ ឧទ្យានជាតិវីរជ័យ ទឹកជួរទឹង កោះសំពៅ សុទ្ធសឹងតែមានភាពទាក់ទាញសម្រាប់ខេត្តដីក្រហមមួយនេះ។
ចង់ដឹងថា បេសកម្មលើកទី៣របស់ «មែកសឺដែស និងកំណប់អាថ៌កំបាំង» នឹងទៅដល់កន្លែងណា ហើយអ្វីខ្លះនឹងលេចចេញជាមួយដំណើរផ្សងព្រេងនេះ កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រនិច Thmey Thmey ដែលនឹងផ្ដើមចេញដំណើរចាប់ពីថ្ងៃទី១៧-២០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខឆាប់ៗនេះ៕