(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់អំណោយជូនសហគមន៍ខ្មែរឥស្លាម៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ២ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា ការចូលរួមការពារសុខសន្តិភាពជូនខ្លួនឯង និងប្រជាជាតិកម្ពុជា គឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
បើតាមលោក អូស្មាន ហាស្សាន់ រាជរដ្ឋាភិបាលកម្ពុជា នៅតែសង្ឃឹមយ៉ាងមុតមាំថា សំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា របស់ជនរួមជាតិ ជាពិសេសខ្មែរឥស្លាម នៅតែរក្សាគោលជំហរយ៉ាងមុតមាំ ការសម្រេចិត្តឈរលើឆន្ទៈដ៏ត្រឹមត្រូវ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលឈរលំដាប់លេខរៀងចុងក្រោយគេ គឺលេខរៀងទី២០ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន បន្តនៅជានាយករដ្ឋមន្រ្តី និងនៅជាម្លប់ដ៏កក់ក្តៅដល់ពលរដ្ឋទាំងអស់គ្នា។
លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីសមិទ្ធផលជាច្រើន ត្រូវបានបង្កើតឡើង និងមានការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា អំណោយដែលនាំមកប្រគល់ជូនប្រជាពលរដ្ឋទាំង៣០០គ្រួសារនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូ និងថវិកា២ម៉ឺនរៀល ជាអំណោយរបស់សប្បុរសជនអេមីរ៉េត តាមរយៈសមាគមកូប្រាស៊ីមុស្លិមកម្ពុជា៕