(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក និងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ណុប រតនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងទៀតការសម្រេចដែលធ្វើឡើង តាមទំនើងចិត្ត របស់សហរដ្ឋអាមេរិកនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំអាចទទួលយកបានឡើយ»។
នាយឧត្តមសេនីយ៍ ណុប រតនា ក៏បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពានាវឱ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយ មកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់ កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕