(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ លោកជំទាវ សរ មារដី ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សួង ឃុន្នី អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្រសួងការពារជាតិ ដែលបានអនិច្ចកម្មកាលពីវេលាម៉ោង ១០ម៉៣០ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
មរណភាព របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សួង ឃុន្នី គឺជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំង ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកនាំមកនូវសុខសន្ដិភាពជូនប្រជាជនរងគ្រោះដោយសារមីន និងកាកសំណល់សង្គ្រាម៕