(ភ្នំពេញ)៖ ដើម្បីចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ក្រសួងទេសចរណ៍ បានដាក់ចេញនូវ «ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» សំដៅជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ឱ្យខិតខំប្រឹងប្រែងផ្ដល់សេវាបដិសណ្ឋារកិច្ចល្អប្រកប ដោយស្ដង់ដាត្រឹមត្រូវ ស្មោះត្រង់ និងកក់ក្ដៅដល់ភ្ញៀវទេសចរ គាំទ្រផ្សព្វផ្សាយយុទ្ធនាការ កម្ពុជា៖ «ព្រះរាជាណាចក្រអច្ឆរិយៈ» ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ។
លោក ណេប សាមុត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចូលរួមអនុវត្តចលនាប្រឡងប្រណាំងនេះ ទទួលភាពជោគជ័យ និងទទួលបានការគាំទ្រពីភ្ញៀវទេសចរ ក្រសួងទេសចរណ៍បានរៀបចំឯកសារ «គោលការណ៍ណែនាំបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» និងបានបង្កើតកម្មវិធី QR Code វាយតម្លៃបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិអាចផ្ដល់មតិយោបល់លើការផ្ដល់សេវារបស់មូលដ្ឋាន អាជីវកម្មទេសចរណ៍ចំនួន ០៧ ដូចជា៖ (សេវាសណ្ឋាគារ សេវាភោជនីយដ្ឋាន សេវាទីភ្នាក់ងារទេសចរណ៍ សេវាស្ប៉ា និងម៉ាស្សា សេវាមណ្ឌលកំសាន្ដមនុស្សពេញវ័យ សេវាលក់វត្ថុអនុស្សាវរីយ៍ និង សេវាដឹកជញ្ជូនទេសចរណ៍)។
លោក ណេប សាមុត បានបញ្ជាក់ថា៖ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ អាចចុះឈ្មោះចូលរួមក្នុងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដើម្បីទាញយក QR Code សម្រាប់ប្រើប្រាស់ក្នុងការស្ទង់មតិយោបល់ ឬប្រើប្រាស់ QR Code លើវិក័យបត្រ ឬសម្ភារៈផ្សព្វផ្សាយនានារបស់មូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន តាមរយៈតំណលីង៖ http://cambodiabesthospitality.org/kh/register៕