(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរួមគ្នាផ្តល់ឈាម ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្រ្គោះជីវិតជនរងគ្រោះដោយប្រការនានា ហើយត្រូវការឈាមជាចំាបាច់នោះ។
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ នេះជាលើកទី៥ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ បានរៀបចំឲ្យមានការបរិច្ចាគឈាម ដែលជាសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ។
លោកអគ្គលេខាធិការបានលើកឡើងថា ការបរិច្ចាគឈាមជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ហើយជាបុណ្យកុសលដ៏ធំធេង ពីព្រោះបានជួយសង្រ្គោះជីវិតមនុស្ស។ លោកបានអំពាវនាវដល់មន្រ្តីរាជការទំាងអស់ ចូលរួមសកម្មភាពនេះទំាងអស់គ្នា ហើយឲ្យក្លាយជាទម្លាប់ល្អ ដែលត្រូវធ្វើជាប្រចំា ជាគុណធម៌ និងវប្បធម៌នៃការចែករំលែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកជួយសង្រ្គោះជីវិតមនុស្ស នៅក្នុងសង្គម។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិ ការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជាទៀងទាត់។
លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា នៅតាមមន្ទីរពេទ្យមានអ្នកជំងឺត្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សរៀងរាល់ថ្ងៃ ហើយនេះជាបញ្ហាប្រឈម ដែលទាមទារនូវជំនួយឈាមស្រស់ពីសប្បុរសជន ដើម្បីត្រៀមទុកជួយសង្គ្រោះជីវិតមនុស្សពីការបាត់បង់ឈាមច្រើន ដោយមិនបាច់បង់ថ្លៃ។
ជាការកត់សម្គាល់ឆ្នាំដំបូងៗ នៃការផ្តើមកម្មវិធីបរិច្ចាគឈាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំមួយឆ្នាំមួយលើក ហើយចាប់ពីឆ្នាំ២០១៧មក អគ្គលេខាធិការដ្ឋានរដ្ឋសភាបានជំរុញឲ្យមានកម្មវិធី មនុស្សធម៌នេះពីរលើកក្នុងមួយឆ្នាំ៕