(រតនគិរី)៖ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងអំពាវនាវដល់ម្ដាយគ្រប់ៗរូប ឱ្យងាកមកប្រើកន្រ្ដក់ដែលជាសម្ភារផលិតដោយដៃធ្វើអំពីឬស្សី ឬវល្លិ៍ ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិច ដូចជាថង់ជាដើម ពីព្រោះប្លាស្ទិចនេះ វាមានផលប៉ះពាល់យូរអង្វែងដល់បរិស្ថានរហូតដល់រាប់សិបឆ្នាំឬអាចដល់រយឆ្នាំ បើសិនជាវាកប់នៅក្នុងដី។
ការថ្លែងអំពាវនាវបែបនេះរបស់លោក ថង សាវុន បានលើកនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោមប្រធានបទ «រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិច» ស្ថិតនៅលើបរិវេណរង្វង់មូលនាគព័ន្ធ ទីរួមខេត្តរតនគិរី។
លោកអភិបាលខេត្តរតនគិរី បានលើកឡើងបន្តទៀតថា បើសិនជាម្ដាយគ្រប់ៗរូប ងាកមកប្រើកន្រ្ដក់ដែលជាសម្ភារផលិតដោយដៃធ្វើអំពីឬស្សី ឬវល្លិ៍ របស់ខ្មែរយើងនោះ គឺបញ្ជាក់ពីការលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់អ្នកផលិតផលរបស់ខ្មែរយើង ជាពិសេសអាចផ្ដល់ប្រាក់ចំណូលមួយភាគតូចផងដែរដល់ពួកគាត់។
លោក ថង សាវុន បានបញ្ជាក់បានទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តរតនគិរី បានអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ វិស័យកសិកម្ម ជាពិសេសចំការកៅស៊ូ និងស្វាយចន្ទី ទំនប់វារីអគ្គិសនី រោងចក្រ និងសិប្បកម្មខ្នាតតូច ស្របគ្នាទៅគម្រោងអភិវឌ្ឍមូលធនធម្មជាតិ ជាពិសេសព្រៃឈើ ដែលបានទទួលរង ការខូចខាត និងបាត់បង់ជាច្រើន ក៏ប៉ុន្តែប្រៀបធៀបនិងខេត្តដ៏ទៃ ខេត្តរតនគិរីនៅជាខេត្តដែលសម្បូរធនធានធម្មជាតិជាងគេនៅឡើយ តាមរយ:តំបន់អភិរក្សធំៗ ចំនួន៤ គឺឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃលំផាត់ ឧទ្យានជាតិអូយ៉ាដាវ និងឧទ្យានជាតិវ៉ើនសែ សៀមប៉ាង ដែលមានទំហំសរុបប្រមាណជាង៥០ម៉ឺនហិតា។
ទទ្ទឹមនោះដែរ លោកអភិបាលខេត្តរតនគិរី បានផ្ដាំផ្ញើដល់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងខេត្តទាំងអស់ សូមចូលរួមចលនាការពាបរិស្ថាន ទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលបំផ្លាញនឹងធ្វើឱ្យខូចបរិស្ថាន ហើយត្រូវចូលរួមកែលំអរគុណភាពបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ឱ្យប្រើប្រាស់បានយូអង្វែង សម្រាប់យើងទាំងអស់គ្នា និងអ្នកជំនាន់ក្រោយ ព្រមទាំងសំដៅទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ កំណើននីវ៉ូទឹកសមុទ្រ ការកើនឡើងកំដៅ ភាពរាំងស្ងួត ខ្យល់ព្យុះ គ្រោះធម្មជាតិផ្សេងៗ ជាពិសេសការគ្រប់គ្រងសំរាម (សំណល់រឹង-រាវ)ឱ្យបានត្រឹមត្រូវ៕