(ភ្នំពេញ)៖ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ នាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្ដរជាតិ RFI ដែលអ្នកណាៗក៏ស្គាល់ច្បាស់ថាជាកវីនិពន្ធសៀវភៅដ៏ល្បីមួយរូប ពាក់ព័ន្ធនឹងភូមិសាសន្ត្រនយោបាយអន្តរជាតិនោះ បានសម្រេចនូវវណ្ណកម្មថ្មីសន្លាងមួយទៀតហើយ នោះគឺសៀវភៅ «អាស៊ីប៉ាស៊ីហ្វិក បេះដូងនៃពិភពលោកសតវត្សទី២១» ក្នុងនោះគឺសង្កត់ធ្ងន់លើភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
សៀវភៅថ្មីនេះ នឹងត្រូវចេញផ្សាយចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ តទៅ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) រាជធានីភ្នំពេញ ជាមួយនឹងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកចូលរួមក្នុងពិធីនេះ ពិសេសអ្នកចូលរួមក៏នឹងបានស្ដាប់នូវការអធិប្បាយបលម្អិតពីទំនាក់ទំនងរវាងខ្លាចង្កូមពេជ្រទាំងពីរ ដែលកំពុងចរចាគ្នានៅប្រទេសសិង្ហបុរីឯណោះ។
មុនពេលចេញផ្សាយនូវសៀវភៅថ្មី ដែលមានកម្រាស់ជាង២០០ទំព័រនេះ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ក៏ធ្លាប់ជោគជ័យជាច្រើនលើករួចមកហើយ លើការសររសេរ និងចេញផ្សាយនូវសៀវភៅចំនួន២ក្បាល មានសៀវភៅមហាយក្សចិន និងសៀវភៅចម្បាំងត្រជាក់រវាងអាមេរិក និងចិនជាដើម ដែលសង្កត់ធ្ងន់ទៅលើភូមិសាស្ត្រនយោបាយ នៃតំបន់អាស៊ីទាំងមូលតែម្តង។
សម្រាប់លោក ហ្សង់-ហ្វ្រង់ស័រ តាន់៖ សព្វថ្ងៃ អាស៊ីជាដង្ហើមជីពចរនៃពិភពលោក ដោយសារតែប៉ូលធំៗចំនួនបួន ក្នុងនោះមានប៉ូលចិនដែលជាមហាអំណាចនុយក្លេអ៊ែរ នយោបាយ និងសេដ្ឋកិច្ច, ប៉ូលជប៉ុនដែលជាយក្សសេដ្ឋកិច្ច ទោះបីប្រទេសនេះនៅតែជាប្រទេសកន្តឿផ្នែកនយោបាយក៏ដោយ, ប៉ូលឥណ្ឌាដែលជាយក្សទើបងើបពីដំណេក ជាមហាអំណាចនុយក្លេអ៊ែរ និងកំពុងក្លាយជាមហាអំណាចសេដ្ឋកិច្ច រីឯប៉ូលអាស៊ានដែលមិនមែនជាកម្លាំងនយោបាយ និងយោធាសោះនោះ ក៏តែទាក់ទាញពួកមហាអំណាចតំបន់ និងពួកមហាអំណាចពិភពលោកដូចដែកឆក់ផងដែរ។
កវីយើងបានសង្កត់ធ្ងន់ថា «ម្ល៉ោះហើយ អាស៊ីដែលនៅក្នុងអតីតកាលស្ថិតក្រោមក្រញាំរបស់ពួកអាណានិគមអឺរ៉ុប ហើយដែលតែងតែត្រូវបស្ចិមលោកមើលស្រាលពេញមួយសម័យសង្គ្រាមត្រជាក់ផងនោះ កំពុងតែក្លាយជាបេះដូងនៃពិភពលោកបច្ចុប្បន្ន។ ថ្នាក់ដឹកនាំបស្ចិមលោក ដែលចង់ទាញចំណេញពីកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លារបស់អាស៊ីប៉ាស៊ីហ្វិក កំពុងនាំគ្នាយកចិត្តថ្នាក់ដឹកនាំចិន ថ្នាក់ដឹកនាំឥណ្ឌា ថ្នាក់ដឹកនាំជប៉ុន និងថ្នាក់ដឹកនាំអាស៊ាន»។
លើសពីនេះ នៅក្នុងសៀវភៅ «អាស៊ីប៉ាស៊ីហ្វិក បេះដូងនៃពិភពលោកសតវត្សទី២១» ក៏មានផងដែរនូវជំពូកពិសេសស្ដីពី «កម្ពុជា»។ តើកម្ពុជាជាអ្វី មានប្រយោជន៍អ្វីសម្រាប់ពួកមហាអំណាច ជាពិសេសសម្រាប់ចិន និងអាមេរិក កាលសម័យសង្គ្រាមត្រជាក់ និងក្នុងបច្ចុប្បន្នកាល? នេះជាសំណួរដែលលោក ហ្សង់-ហ្វ្រង់ស័រ តាន់ លើកឡើងនៅក្នុងសៀវភៅទីបីរបស់លោក។
គួរជម្រាបថា លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ដែលបច្ចុប្បន្នជានាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្ដរជាតិ RFI នៅភ្នំពេញ ក៏ជាអ្នកជំនាញភូមិសាស្ត្រនយោបាយម្នាក់ដ៏ល្បីល្បាញមួយរូបដែរ។ លោកវិភាគបញ្ហាពិភពលោកតាមរលកធាតុអាកាស នៃវិទ្យុបារាំងជាច្រើនឆ្នាំកន្លងមកហើយ និងធ្លាប់បម្រើការងារជាអ្នកវិភាគនយោបាយអន្ដរជាតិនៅទូរទស្សន៍ PNN រហូតដល់ឆ្នាំ២០១៧។ លោកបានបោះពុម្ពផ្សាយសៀវភៅដំបូងរបស់ខ្លួន គឺសៀវភៅមហាយក្សចិន នៅឆ្នាំ២០១២ និងក្រោយមក មានសៀវភៅចម្បាំងត្រជាក់រវាងអាមេរិក និងចិន នៅឆ្នាំ២០១៤។ ក្នុងឱកាសសម្ពោធសៀវភៅថ្មី នៅថ្ងៃទី១៦ ខែមិថុនា ស្អែកនេះ អ្នកវិភាគនយោបាយអន្តរជាតិរូបនេះ នឹងអធិប្បាយបន្ថែមឱ្យរឹតតែលម្អិតពីទំនាក់ទំនងរវាងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
បញ្ជាក់៖ តម្លៃសៀវភៅ ២ម៉ឺន៥ពាន់រៀល ប៉ុន្តែសម្រាប់សាធារណជន សិស្ស-និស្សិត ដែលចូលរួមពិធីសម្ពោធសៀវភៅអាចទទួលបានការបញ្ចុះតម្លៃពិសេស គឺមួយក្បាល ត្រឹម២ម៉ឺនរៀលប៉ុណ្ណោះ។ ពិធីសម្ពោធ ធ្វើឡើងចាប់ផ្តើមនៅវេលាម៉ោង ១៖៣០នាទី នាថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលោក ហេង ឧត្តម ដែលមានទូរស័ព្ទលេខ ០១២ ៥៧៤ ៦៣៤៕