(ព្រះវិហារ)៖ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ បានចុះធ្វើការបិទរូបភាពផ្សេងៗ ផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរចារណ៍ផ្លូវគោក នៅតាមបណ្តាទីប្រជុំជននានាក្នុងខេត្ត។
លោក សំ លាងទ្រី ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះធ្វើសកម្មភាពនានា ក្នុងការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ ដែលសកម្មភាពទាំងអស់នេះ គឺក្នុងគោលបំណងទាមទារឲ្យពួកគាត់មានការយល់ដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរចារណ៍ផងដែរ។
លោក សំ លាងទ្រី បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសបានឃើញ និងបានអានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ទីកន្លែងនោះ លោកបានធ្វើការណែនាំឲ្យការិយាលយ័សុវត្ថិភាពចរាចរណ៍ ចុះធ្វើការបិទរូបភាពផ្សព្វផ្សាយអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនៅតាមបណ្តាទីប្រជុំជននានាក្នុងខេត្ត រួមមានសាលាបង្រៀនបើកបររថយន្ត យានដ្ឋានក៏ដូចជា ទីកន្លែងប្រជុំជនសំខាន់ជាច្រើនកន្លែងទៀត។
ក្នុងនោះបានបិទផ្ទាំងសញ្ញាចរាចរណ៍ផ្លូវគោកសំខាន់ៗចំនួន១២ផ្ទាំង ផ្ទាំងរូបភាពអាទិភាពនៅត្រង់ផ្លូវប្រសព្វចំនួន២ផ្ទាំង ផ្ទាំងរូបភាពកំណត់ទ្រុងរថយន្តចំនួន៣ផ្ទាំង ផ្ទាំងរូបភាពសិទ្ធអាទិភាពត្រូវទៅមុនចំនួន២ផ្ទាំង ស្ទីរឃរ័ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន៤២សន្លឹក ស្មើនិងរថយន្តចំនួន២១គ្រឿង។
លោកបន្តថា ធ្វើដូច្នេះគឺធ្វើឲ្យពួកគាត់មានឱកាសបានអានញឹកញាប់ពេលដែលពួកគាត់ មកកន្លែងនេះម្តងទៀត ហើយក៏ប្រសើរជាងយើងចែកឲ្យគាត់មើលបានតែមួយភ្លែតនោះដែរ៕