(បាត់ដំបង)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃយោធភូមិភាគទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏អគតិ របស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។
ការសម្រេចដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បែបនេះ គឺជាការរំលោភឯករាជ្យភាពរបស់ប្រទេសកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្ត សហរដ្ឋអាមេរិក ដែលមិនមានមូលដ្ឋានច្បាស់លាស់។
យោធភូមិភាគទី៥ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាននាយទាហានរង និងពលទាហាននៃទីបញ្ជាការយោធភូមិភាគទី៥ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើររបស់ សហរដ្ឋអាមេរិក មកលើនាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទ។ អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់នឹងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ»។
យោធភូមិភាគទី៥ បានបន្តទៀតថា «យ៉ាងវិញទៀត ការសម្រេចដែលធ្វើឡើងតាមទំនើងចិត្តរបស់សហរដ្ឋអាមេរិកនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពុំអាចទទួលយកបានឡើយ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពាវនាវឱ្យក្រសួងរតនាគារ សហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការដាក់ទណ្ឌកម្មណាមួយ មកលើសមាជិកនៃកងយុទ្ធពលខេមរភូមិន្ទ»។
ប្រតិកម្មភ្លាមៗរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៥ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕