(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នឹងដឹកនាំគណៈប្រតិភូចូលជួបសម្ដែង ការគួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាព។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ដ្រីផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងអំឡុងស្នាក់នៅកម្ពុជា នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នឹងអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធពិព័រណយោធារួមគ្នា កម្ពុជា-ចិន ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ នៅមជ្ឈមណ្ឌលកោះពេជ្រ៕