(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ បានចេញដីកាបញ្ជាឲ្យចាប់បុរសម្នាក់ ឈ្មោះ យ៉ែម រចនា អាយុ៤១ឆ្នាំ រស់នៅផ្ទះលេខ១៧២ ភូមិ៤ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌ «រំលោភលើទំនុក និងចេញមូលបទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ)» តាមបណ្ដឹងរបស់ឈ្មោះ អ៊ឹង សុធី។ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹង អ៊ឹង សុទ្ធី ដែលបានដាក់ចូលទៅកាន់ព្រះរាជអាជ្ញា កាលពីចុងខែមីនា ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា ជនឆបោកឈ្មោះ យ៉ែម រចនា បានចេញសែកមួយសន្លឹក ដែលមានទឹកប្រាក់ចំនួន២៣៥,០០០ដុល្លារ ជូនលោកដើម្បីសងបំណុលដែលជំពាក់ ប៉ុន្ដែពេលលោកយកសែកមួយសន្លឹកនេះ ទៅបើកនៅធនាគារ ស្រាប់តែខាងបុគ្គលិកធនាគារ ប្រាប់ថា សែកនេះគ្មានទឹកប្រាក់ឡើយ រហូតធ្វើឲ្យលោកសម្រេចដាក់ពាក្យប្ដឹងតែម្ដង បន្ទាប់ពីជនឆបោករូបនេះ នៅបន្ដគេចវេសមិនព្រមសង។
តាមដំណើររឿង ឈ្មោះ យ៉ែម រចនា បានខ្ចីប្រាក់របស់លោក រហូតដល់៣១៥,០០០ដុល្លារ ក្នុងរយៈពេល៤ខែ ដោយបញ្ចាំដីមួយកន្លែង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប៉ុន្ដែទីបំផុតទៅ ប្រាក់ក៏មិនព្រមសង់ ហើយដីដែលដាក់បញ្ចាំនោះ ក៏ឈ្មោះ យ៉ែម រចនា បានលក់ទៅឲ្យគេយូរណាស់មកហើយដែរ។
ភាគីដើមបណ្ដឹង ទទូចឲ្យតុលាការ និងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលរូបនេះ ឲ្យតឹងរឹងជាទីបំផុត៕