(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកបាកាន បានសហការជាមួយអង្គការហេឡូត្រាស់ ចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះនៅភូមិទួលជ្រាវចំនួន១គ្រាប់, ភូមិរហាទិលចំនួន២គ្រាប់ ភូមិតាំងគោកចំនួន៣គ្រាប់ និងគ្រាប់អាកាចំនួន៥១៩គ្រាប់។ ប្រតិបត្តិការណ៍នេះដែរដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក នាង វុធ បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌដែលសមត្ថកិច្ចចុះប្រមូលគឺបានមកពីការផ្តល់ពត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពួកគាត់ប្រកបមុខរបរកសិកម្ម ហើយប្រទះឃើញគ្រាប់ទាំងនេះបន្សល់ទុកតាំងពីសម័យសង្គ្រាម បន្ទាប់ពីប្រមូលបានរួច សមត្ថកិច្ចនគរបាល បានប្រគល់ឲ្យអង្គការហេឡូត្រាស់ យកទៅកម្ទេចចោល។
ទន្ទឹមនោះដែរសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយប្រសិនបើជួបប្រទះឃើញ ត្រូវផ្តល់ពត៌មានជាបន្ទាន់ដើម្បីសមត្ថកិច្ចសហការជាមួយអង្គការហេឡូត្រាស់ ចុះប្រមូលដើម្បីបញ្ជៀសបាននូវការគ្រោះថ្នាក់នេះ៕