(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨ ។

តាមការបញ្ជាក់របស់ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសមួយចំនួនដូចជា ប្រទេសថៃ, កម្ពុជា, ឡាវ, មីយ៉ាន់មា និងវៀតណាម ក្នុងគោលបំណងសំខាន់ ដើម្បីចែករំលែកផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែង រវាងប្រទេសជាសមាជិក និងដៃគូទាំងអស់។

ក្រៅពីកិច្ចប្រជុំកំពូលទាំង២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបការងារដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃសៅរ៍ ទី១៦ មិថុនា ឆ្នាំ២០១៨៕