(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមិថុនានេះ បានរៀបចំពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ដែលបានខិតខំបំពេញការងារកន្លងមក។
ពិធីនេះប្រព្រឹត្តទៅនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមានការចូលរួម ពីលោក លោកស្រី ជាសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ និងថ្នាក់កណ្តាល ស.ស.យ.ក សមាជិកាសម័្ពន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជន នៅទូទាំងប្រទេស សរុបចំនួន២,៥១៥នាក់។
ថ្លែងក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថា សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានរីកចំរើនគួរឱ្យគត់សម្គាល់យ៉ាងដូចនេះ គឺដោយសារតែមានការខិតខំប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចភាពនឿយហត់ របស់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំរយៈពេល៣ឆ្នាំមកនេះ លោកគ្រូ អ្នកគ្រូ សុខចិត្តធ្វើការដោយមិនខ្លាចនឿយហត់ ពេលខ្លះត្រូវក្រោកតាំងពីម៉ោង២ម៉ោង ៣យប់ដើម្បីជួយជុំគ្នា ចេញទៅធ្វើបេសកកម្មនៅតាមខេត្ត ជាពិសេសទៀតនោះ នៅក្នុងដំណាក់កាលថ្ងៃអាទិត្យជាថ្ងៃសម្រាកជាពេលវេលាដែលត្រូវបំពេញជាមួយក្រុមគ្រួសារ និងជាពេលវេលាផ្ទាល់ខ្លួនរបស់យើងនោះ តែដោយសារទឹកចិត្តនឹងក្តីស្រលាញ់ និងឆន្ទះ និងយល់ឃើញច្បាស់ពីបេសកកម្មក្នុងការចែករំលែកជូនទៅដល់សង្គមជាតិ ហើយជាពិសេសចំពោះប្រជាពលរដ្ឋខ្មែរ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សុខចិត្តលះបង់ពេលវេលារបស់ខ្លួន ដើម្បីជួយដលសង្គមជាតិ ។
លោកបានលើកឡើងបន្តទៀតថា លោកសង្ឃឹមថាលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យនិងបន្តបេសកកម្មនេះជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដែលនេះជាការចូលរួមមួយផ្នែកទៀតជាមួយចក្ខុវិស័យរាជរដ្ឋាភិបាល នៅក្នុងវិស័យសុខាភិបាល និងចូលរួមដើម្បីសង្គមជាតិយើងទាំងអស់គ្នា ។
ជាចុងក្រោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ល្អៗជាច្រើនដល់ សមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទាំងអស់ ជាពិសេសត្រូវចេះយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋយើង ឱ្យបានល្អប្រសើរដើម្បីជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ក៏ដូចជាការជួយកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋយើង ស្របទៅនឹងទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕