(កំពង់ចាម)៖ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យ របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកព្រិន្ទបាលទោ ហួ មករា ដែលបន្ដការសិក្សានៅសាលាបណ្ឌិត្យសភានគរបាល នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានគាំងបេះដូងស្លាប់ នៅក្នុងសាលាបណ្ឌិត្យសភានគរបាល ស្ថិតក្នុងឃុំដីឥដ្ឋ ខេត្តកណ្ដាល។
បន្ទាប់មន្ដ្រីជំនាញបានពិនិត្យសាកសពចប់សព្វគ្រប់ សពមន្ដ្រីនគរបាលរូបនេះ ត្រូវបានដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាមគន្លងព្រះពុទ្ធសាសនា។
ក្រោយទទួលបានព័ត៌មានដ៌សោកសៅមួយនេះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង ទទួលផែនភស្តុភារនិងហិរញ្ញវត្ថុ និងលោកវរសេនីយ៍ទោ ជា ហេង នាយរងការិយាល័យ បុគ្គលិក រួមទាំងមន្ត្រីនៃអធិកាដ្ឋាននគរបាល ស្រុកជើងព្រៃ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព។
ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលទោ ហួ មករា, លោកឧត្តមសេនីយ៍ត្រី ស្នងការរង និងសហការី បានអុជធូបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមក ស្ថិតក្នុងឱកាសនោះដែរ។
លោកឧត្តមសេនីយ៍ត្រី ជា ជាង តំណាងលោកឧត្តមសេនីយ៍ ស្នងការ ក៏បាននាំយកនូវអង្ករ០១បេ, ទឹកក្រូច៥កេះ ថវិកាចំនួន២,៧៨០,០០០រៀល ដែលជាថវិការបស់ស្នងការដ្ឋាន នគរបាលខេត្ត និងថវិកាសិក្ខាកាមសាលានគរបាល បណ្ឌិត្យសភាចំនួន ១,២៣៤,០០០រៀលផងដែរ៕